ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា (CFA) អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងថា៖ នៅក្នុងឆ្នាំ២០២២ តម្លៃនាំចេញផលិតផលស្បែកជើង សម្រេចបានប្រមាណជា ១.៧ ពាន់លាដុល្លារអាមេរិក កើនឡើងប្រមាណ ៧.៧ ភាគរយ បើធៀបទៅនិងឆ្នាំ២០២១ ហើយទីផ្សារធំជាងគេ មានសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប។
ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជារូបនេះ បានថ្លែងគូសបញ្ជាក់ថា ការនាំចេញស្បែកជើង នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ មានទំហំទឹកប្រាក់ប្រមាណ ១.៧ លានដុល្លារអាមេរិក កើនឡើងជា ៧.៧ ភាគរយ ខណៈកម្ពុជាបាននាំចេញផលិតផលសរុបប្រមាណជាង ២២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ។
ចំពោះទីផ្សារនាំផលិតផលស្បែកជើងនៅក្នុងឆ្នាំ ២០២៣ វិញ អ្នកឧកញ៉ា លី ឃុនថៃ មើលឃើញថា អាចនឹងមានស្ថានភាពថមថយចុះមកវិញខ្លះៗ ខណៈដែលការបញ្ជាទិញពីដៃគូរក្រៅប្រទេស នៅក្នុងឆ្នាំ ២០២២ បាននាំចូលជាគំហុក ដែលធ្វើឲ្យស្ថានភាពនៃការចែកចាយរបស់ពួកគាត់ មិនទាន់អស់ពីស្តុកនៅឡើយ។
សូមជម្រាបថា វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៩,២% ក្នុងឆ្នាំ ២០២៣ ប្រហាក់ប្រហែលទៅនឹងកំណើនឆ្នាំ ២០២២ ក្នុងអត្រា ៩,០% ដោយសារការរំពឹងទុកលើការបន្តកំណើនរឹងមាំ នៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ដោយសារការរំពឹងទុក លើភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាម៉េរិក ស្របជាមួយការរំពឹងទុកលើការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ដូចជា មីយ៉ាន់ម៉ាជាដើម។
គួរបញ្ជាក់ថា ការដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧” ត្រូវបានរំពឹងថា នឹងជួយជំរុញបរិយាកាសវិនិយោគ និងភាពប្រកួតប្រជែងបន្ថែមក្នុងអនុវិស័យនេះផងដែរ តែយ៉ាងណាមិញ ភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ចសកល ដែលនាំឱ្យមានភាពរង្គោះរង្គើដល់តម្រូវការខាងក្រៅ ជាពិសេសទីផ្សារសំខាន់ៗរបស់កម្ពុជារួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប អាចនឹងបង្កជាបច្ច័យអវិជ្ជមានដល់អនុវិស័យនេះផងដែរ៕
ដោយ៖សហការី