ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃ ទី១៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​​​​​ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី  អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ១គ្រួសារ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ​ ២០២៣នេះ ស្ថិតនៅភូមិត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២កន្លងទៅ 

លោកស្រីប្រធានអនុសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះនិងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គិភ័យនេះ ព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ។ 

លោកស្រី ក៏បានគូសបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនមាន៖​ អង្ករ១០០គីឡូក្រាម,​ មី២កេស,​  ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ  ,ទឹកផ្លែឈេី២កេស, ទឹកសុទ្ឋ២កេស, មុង២, ភួយ២, ខ្នេីយ២, កន្ទេល២ សំភារៈផ្ទះបាយ១ឈុត និង ថវិកា ចំនួន ១.៥៧០.០០០រៀល​ ( មួយលានប្រាំសែនប្រាំពីរមុឺនរៀល)៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖