ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ មកស្នាក់នៅក្នុងវត្តដើម្បីរៀនធម៌បួសជាសង្ឃ ទើបជាង១ខែ ជិះទូកលេង អនិចារលិចទូកបណ្ដាលឲ្យស្លាប់បាត់ជីវិតយ៉ាងអាសូរ។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៨និង៤៥ នាទីព្រឹកនៅ ចំណុចស្រះទឹកក្នុងវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណារិទ្ធ ឈាងលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា រយៈពេលជាងមួយខែមកហើយ ជនរងគ្រោះបានមកស្នាក់នៅក្នុងវត្តស្វាយជ្រំស្ថិតភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដើម្បីរៀនធម៌បួស នៅថ្ងៃទី១៦ខែមករា២០២៣ ម៉ោង ៨:០០ នាទីព្រឹកជនរងគ្រោះនិងក្មេងៗបានជិះទូកត្នោតលេងចំហៀងខាងក្រោយព្រះវិហារក្នុងវត្តស្វាយជ្រំ លុះដល់វេលាម៉ោង ០៨និង៣០នាទី ទូកត្នោតក៏លិចចូលក្នុងទឹកស្រះពេលនោះ ក្មេងៗដ៏ទៃទៀតបានហែលមកច្រាំងឯជនរងគ្រោះបានលិចចូលក្នុងទឹកឃើញដូចនោះក្មេងៗបានរត់មកប្រាប់លោកសង្ឃនិងជាងសំណង់នៅក្នុងវត្តពេលនោះជាងសំណង់ជាច្រើននាក់បានរត់ចុះទៅក្នុងទឹកស្រះរាវរកជនរងគ្រោះលើកយកមកធ្វើចលនានិងបញ្ជូនមកមណ្ឌលសុខភាពឃុំស្វាយជ្រំហើយគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ជីវិតហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ស្វាយជ្រំ បន្ទាប់មកសមត្តកិច្ចជំនាញនគរបាលសហការជាមួយលោកគ្រូពេទ្យក្រុមព្រឹក្សាឃុំ លោកមេប៉ុស្តិ៍ លោកមេភូមិស្វាយជ្រំនិងក្រុមគ្រួសារសពបានពិនិត្យសាកសពដោយហ្មត់ចត់ឃើញថាសាកសពមានសភាព កទុនពោះតឹង មានទឹកហូរចេញតាមមាត់និងច្រមុះផ្នែកក្បាល ដងខ្លួននិងអវៈយវៈពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ។
ការសន្និដ្ឋាន ៖ តាមជំនាញ និងយោបល់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ លង់ទឹក ហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ