ព័ត៌មានទាន់ហេតុការណ៍៖

អាល្លឺម៉ង់តែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី

ចែករំលែក៖

លោក Boris Pistorius ត្រូវបានជ្រើសរើសដើម្បីជំនួសតំណែង លោកស្រី Christine Lambrecht កាន់តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ ។

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃអង្គារ ទី១៧ ខែមករានេះបាននិយាយថា លោកនឹងតែងតាំងមន្ត្រីថ្នាក់តំបន់ម្នាក់ ជារដ្ឋមន្ត្រីការពារជាតិថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោកស្រី Christine Lambrecht ដែលត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជុំវិញការអត្ថាធិប្បាយរបស់លោកស្រីអំពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ បាននិយាយថា បន្ទាប់ពីការលាលែងរបស់លោកស្រី Lambrechtមក អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសមាជិក និងមេដឹកនាំរបស់គណបក្ស ហើយបានធ្វើការសម្រេចចិត្តតែងតាំង លោក Boris Pistorius ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់។
លោក Boris Pistorius ដែលជាសមាជិកគណបក្សសង្គមប្រជាធិបតេយ្យ និងបានបម្រើជារដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុងនិងកីឡានៃរដ្ឋ Lower Saxony ចាប់តាំងពីឆ្នាំ២០១៣ មក។
លោក Scholz បាននិយាយថា «ខ្ញុំរីករាយដែលបានលោក Boris Pistorius ដែលជាអ្នកនយោបាយដ៏លេចធ្លោម្នាក់របស់ប្រទេសរបស់យើង បានទទួលតំណែងជារដ្ឋមន្ត្រីការពារជាតិ»។
អធិការបតីអាល្លឺម៉ង់រូបនេះបានបន្ថែមថា «លោក Pistorius គឺជារដ្ឋបុរសដែលមានបទពិសោធន៍ដ៏អស្ចារ្យ គាត់មានបទពិសោធន៍ផ្នែករដ្ឋបាល គាត់បានចូលរួមក្នុងគោលនយោបាយសន្តិសុខអស់រយៈពេលជាច្រើនឆ្នាំ ហើយជាមួយនឹងសមត្ថភាព ភាពរឹងមាំ និងគំនិតទូលំទូលាយរបស់គាត់ គាត់ពិតជាមនុស្សត្រឹមត្រូវក្នុងការដឹកនាំកងទ័ពអាល្លឺម៉ង់…»។
លោក Pistorius ដែលមានអាយុ ៦២ឆ្នាំត្រូវបានគេរំពឹងថា នឹងទទួលលិខិតបញ្ជាក់ការតែងតាំងពីប្រធានាធិបតីអាល្លឺម៉ង់ ហើយធ្វើសច្ចាប្រណិធានចូលកាន់តំណែងក្នុងសភានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕ ដោយ៖ ធីរីណា

រូបថត៖ DW


ចែករំលែក៖