ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្តារិច បើកបរមិនប្រកាន់ស្ដាំ បុកម៉ូតូបញ្ច្រាសគ្នារបួសបុរសម្នាក់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តស្តារិច មួយគ្រឿងបើកបរមិនប្រកាន់ស្ដាំ បុកម៉ូតូបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍និងដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥៥រសៀល នាទីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣  លើផ្លូវជាតិលេខ ០១ Km ១១៩និង១២០ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេក ក្រុង ស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះចាន់ សម្ភស្ស ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ អង្គាសដី ឃុំ តាសួស ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O ៥៤៧៧។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយកើតហេតុបានរត់គេចខ្លួនបន្សល់រថយន្តម៉ាក ស្តារិច ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ស្វាយរៀង ២B ៥៦៧៨នៅនឹងកន្លែង។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកស្តារិច ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ស្វាយរៀង ២B ៥៦៧៨ដោយធ្វើដំណើរពីលិចទៅកើត  លើផ្លូវជាតិលេខ ០១ ដោយបើកមិនប្រកាន់ស្ដាំ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O ៥៤៧៧ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តរេចង្កូតធ្លាក់ផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចតែម្ដង។

ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖