ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការអោយដឹងថា, ថ្ងៃទី១៧ខែមករា ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនអញ្ជើញធ្វើដំណើរមកកាន់ស្ថានទូតចិនដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។
លោកប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានតំណាងឱ្យសមាគមផ្ទាល់ជូនពរឆ្នាំថ្មីប្រពៃណីចិនជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតចិននិងមន្រ្តីទូតគ្រប់រូប និងមានប្រសាសន៍ថា ទំនាក់ទំនងកម្ពុជា-ចិននាពេលបច្ចុប្បន្ននេះរក្សាបានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យរវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់កាន់តែស៊ីជម្រៅឥតឈប់ឈរ ហើយទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិននឹងបញ្ចូលជាកម្លាំងរស់រវើកថ្មីជាបន្តបន្ទាប់នៅក្នុងយុគសម័យថ្មី។ ឆ្នាំនេះជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន សមាគមមិត្តភាពកម្ពុជា-ចិនរីករាយសហការជាមួយភាគីចិនដើម្បីរៀបចំកម្មវិធីអបអរសាទរពាក់ព័ន្ធ ដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ .
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះ លោកប្រធានសមាគមដែលបានធ្វើដំណើរជាពិសេសមកកាន់ស្ថានទូតចិនដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងបានកោតសរសើរចំពោះការរួមចំណែករបស់សមាគមមិត្តភាពកម្ពុជា-ចិនក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរនិងការលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី លោកសង្កត់ធ្ងន់ថា ភាគីចិនរីករាយសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជាដើម្បីរៀបចំយ៉ាងសកម្មសម្រាប់ខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជានិង”ឆ្នាំមិត្តភាពកម្ពុជា-ចិន” បង្ហាញឱ្យឃើញពីចំណងមិត្តភាព”ដែកថែប”និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ពង្រឹងមូលដ្ឋានគ្រឹះបំណងប្រាថ្នាប្រជាជនសម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាឱ្យទទួលបានលទ្ធផលថ្មីនិងកាន់តែធំធេង៕
ដោយ ៖ សិលា