ព័ត៌មានទាន់ហេតុការណ៍៖

មកដល់ថ្ងៃនេះ ដល់៤៤ថ្ងៃហើយ ! សមត្ថកិច្ចរកមិនទាន់ឃើញទេ ជនល្មើសបើកបរដោយគ្រឿងស្រវឹង ឃាតកដងផ្លូវ បុកសម្លាប់កុមារអាយុ ៦០ថ្ងៃ និង២នាក់របួសធ្ងន់ ?

ចែករំលែក៖

ភ្នំពេញ ៖ ជនល្មើសមានឱកាស មិនត្រូវបានឃាត់ខ្លួន តាំងពីដំណាក់កាលមន្ត្រីនគរបាលចរាចរណ៍ ខណៈបញ្ជូនតែសំណុំរឿង ហើយជនបង្កមិនបញ្ជូនទៅតុលាការ ធ្វើឱ្យមជ្ឈដ្ឋានទូទៅប្រជាពលរដ្ឋ រិះគន់ ពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយ។ 

គេលើកជាចំងល់ថា, ភាពស្ងាត់​សូន្យ​! រំលង​ទៅ​៤៤​ថ្ងៃ​ហើយ គ្មានដំណឹងពីជន​បង្ក ឬមួយត្រូវបញ្ចប់រឿង​ត្រឹម​បោះ២,៥០០​ដុល្លារ សំណងរដ្ឋប្បវេណី ហើយរំលត់បណ្តឹងអាជ្ញា ក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ?

គួរ​រំឭក​ថា កាលពី​រាត្រី​ម៉ោង​២​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២២ យុវជន​ស្រវឹង​ម្នាក់ បានបើកបរ​រថយន្ត Lexus ១​គ្រឿង ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ Scoopy ពីក្រោយ​យ៉ាង​ពេញទំហឹង​នៅ​លើ​ស្ពាន​ជ្រោយចង្វារ បណ្ដាល​ឲ្យ​មនុស្ស​០៣​នាក់ របួសធ្ងន់ ក្នុង​នោះ​ទារក​ម្នាក់​បាត់បង់​ជី​វិត ក្រោយសង្គ្រោះបន្ទាន់បានប្រមាណជិត១សប្តាហ៍ ។

សូមបញ្ជាក់ថា, ដោយសារស្នាដៃអ្នកឯង ជាកូនអភិជន រហូតលេច ព័ត៌មានបន្ទាន់! បានបញ្ជាក់ថា, កុមារ អាយុ ៦០ថ្ងៃ គាត់ផុតហើយ នៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ 

ពេលនោះលោក រដ្ឋ រង្សី បានរៀបរាប់ថា, • ជាការតស៊ូដ៏មានរយៈពេលយ៉ាងយូរ ដែលអូនតូចបានខំយកឈ្នះមច្ចុរាជរហូតដល់ អូនតូច ដែលអ្នកទាំងអស់គ្នាធ្លាប់បន់ស្រន់ គាត់បានផុតហើយ។

• ចង្វាក់បេះដូងលែងដើរ ក្រុមគ្រូពេទ្យបានបញ្ជាក់ម៉ោងនៃជីវិតចុងក្រោយគឺ ២០:១០នាទីយប់​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។

ប្រជាពលរដ្ឋដ៏ច្រើនបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សូមចូលរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ដោយទឹកចិត្តអាណិតអាសូរ និងថ្កោលទោសជនបង្ក យ៉ាងចាស់ដៃ ទីបំផុត ! រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ជនបង្ក គេចខ្លួនបានយ៉ាងស្រួល ដែលនាំទៅជាមួយនូវ ការដាក់បណ្តាសារ ពីមជ្ឈដ្ឋានទូទៅរបស់មហាជនផងដែរ។ 

ជឿអត់ថា, សមត្ថកិច្ចអាចឃាត់ខ្លួនជនបង្កបាន ??? ៕

ដោយ ៖ សិលា


ចែករំលែក៖