ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវយល់ដឹងអំពី ជំងឺកន្ទុយថ្លែន!

ចែករំលែក៖

ភ្នំពេញ បើតាមមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់អោយដឹងថា ជំងឺកន្ទុយថ្លែនជាប្រភេទជំងឺដែលកើតមាននៅលើភ្នាសសនៃភ្នែកដោយមានការដុះឡើងនូវភ្នាសពណ៌ស មានរាងដូចស្លាបសត្វ ឬរាងជាត្រីកោណ និងមានសរសៃឈាមដុះមកជាមួយ។ ភ្នាសកន្ទុយថ្លែនអាចមានការលូតលាស់ពីកម្រិតតូចស្តើងទៅកាន់កម្រិតធំក្រាស់ដែលភ្នាសនេះអាចដុះគ្របលើកញ្ចក់ភ្នែក ដោយចាប់ផ្តើមលូនបន្តិចម្តងៗ ពីគែមនៃកញ្ចក់ភ្នែកទៅកាន់ផ្នែកកណ្តាលនៃកញ្ចក់ភ្នែករហូតដល់បាំងកូនក្រមុំប្រសិនបើមិនបានធ្វើការការពារនិងព្យាបាលអោយបានត្រឹមត្រូវ។

) រោគសញ្ញានៃជំងឺកន្ទុយថ្លែន៖

ជាទូទៅជំងឺកន្ទុយថ្លែនមិនបង្កអោយមានការឈឺចាប់ខ្លាំងនោះទេប៉ុន្តែវាអាចធ្វើអោយអ្នកជំងឺមានអាការៈមិនស្រួលដូចខាងក្រោម៖

   ផ្សាភ្នែក ក្តៅក្នុងភ្នែក និងរកាំភ្នែក

   ក្រហមភ្នែកនៅត្រង់ភ្នាសកន្ទុយថ្លែនដែលមានរលាក

   ស្រវាំងភ្នែកក្នុងករណីភ្នាសកន្ទុយថ្លែនដុះធំក្រាស់មកលើកញ្ចក់ភ្នែក រឺដុះបាំងកូនក្រមុំ។

) កត្តាប្រឈមដែលអាចបង្កអោយកើតជំងឺកន្ទុយថ្លែន៖

កត្តាដែលអាចបង្ក និងជម្រុញអោយភ្នាសកន្ទុយថ្លែនដុះឡើង និងលូតលាស់កាន់តែធំគឺៈ

   ការប៉ះជាមួយកាំរស្មីព្រះអាទិត្យខ្លាំង ដែលជះមកលើភ្នែកជាញឹកញាប់ការស្រាវជ្រាវបានរកឃើញថាអត្រានៃអ្នកកើតជំងឺកន្ទុយថ្លែនមានច្រើននៅប្រទេសដែលទទួលកាំរស្មីព្រះអាទិត្យ(កាំរស្មី UV) កម្រិតខ្ពស់ និងនៅលើប្រជាជនដែលធ្វើការក្រោមពន្លឺព្រះអាទិត្យខ្លាំង

   ភាពកខ្វក់នៃបរិស្ថាន និងបរិយាកាសដែលមានធូលី និងខ្យល់ខ្លាំង

   អាយុកាន់តែច្រើន កាន់តែធ្វើអោយអ្នកប្រឈមខ្ពស់នឹងការកើតជំងឺកន្ទុយថ្លែន

   កត្តាខាងលើរួមបញ្ចូលគ្នាបង្កអោយអ្នកជំងឺប្រឈមនឹងការកើតជំងឺកន្ទុយថ្លែនកាន់តែខ្ពស់។

) ការការពារជំងឺកន្ទុយថ្លែន៖

   ការពាក់វ៉ែនតាការពារភ្នែកពីកាំរស្មីព្រះអាទិត្យ និងធូលី ជាវិធីដ៏ងាយស្រួល និងល្អបំផុតក្នុងការការពារអ្នកមិនអោយកើតមាននូវជំងឺកន្ទុយថ្លែន។

   ការពិនិត្យ និងពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស អាចជួយអ្នកក្នុងការការពារ និងកាត់បន្ថយការដុះលូតលាស់លឿននៃភ្នាសកន្ទុយថ្លែន។

) រោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែន៖

ការពិនិត្យផ្ទាល់ទៅលើលក្ខណៈសណ្ឋាន និងរូបរាងនៃភ្នាសកន្ទុយថ្លែនអាចអោយគ្រូពេទ្យរករោគវិនិច្ឆ័យនៃជំងឺកន្ទុយថ្លែនបានដោយជាក់លាក់។

   ការរករោគវិនិច្ឆ័យអោយបានត្រឹមត្រូវ រួមជាមូយនិងការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យឯកទេសផ្នែកចក្ខុសាស្រ្ត ឬចក្ខុមាត្រការី ជាកត្តាចម្បងក្នុងការការពារ និងព្យាបាលជំងឺកន្ទុយថ្លែនប្រកបដោយប្រសិទ្ធិភាព។

) ការព្យាបាលជំងឺកន្ទុយថ្លែន

   ការព្យាបាលជំងឺកន្ទុយថ្លែនមានលក្ខណៈខុសៗគ្នាទៅតាម អការៈនៃជំងឺ និងកម្រិតនៃភ្នាសកន្ទុយថ្លែន។

   ជំងឺកន្ទុយថ្លែនមិនអាចធ្វើការព្យាបាលជាសះស្បើយតាមរយៈការបន្តក់ថ្នាំភ្នែកឡើយ។

   ការវះកាត់ព្យាបាលមិនបានត្រឹមត្រូវល្អ អាចធ្វើអោយអត្រានៃការដុះភ្នាសកន្ទុយថ្លែនឡើងមកវិញមានកាន់តែខ្ពស់។

សូមមកទទួលយកការពិនិត្យ ណែនាំ ដើម្បីការពារ និងព្យាបាលជំងឺកន្ទុយថ្លែនពីក្រុមគ្រូពេទ្យឯកទេសចក្ខុសាស្ត្រនៃមន្ទីពេទ្យកាល់ម៉ែតដើម្បីសុខភាព និងសោភណ័ភាពភ្នែករបស់អ្នក

ដោយ៖ សហការី


ចែករំលែក៖