ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងដែលអង្គភាពយើងទើបតែទទួលបាននៅរសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២៣នេះថា កម្លាំងផ្នែកចរាចរណ៍និងកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ករណីនេះបានធ្វើឡើងនៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០១ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១- ឈ្មោះ បឿ សុផាត ហៅស្រស់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។
២-ឈ្មោះ អាក់ ឡូវ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន:
-ម៉្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន០៥ថង់ទម្ងន់ ១,២៤ក្រាមទាំងសំបក សង្ស័យមានសារធាតុញៀន
-ដែកកេះចំនួន០១
-កាបូបលុយចំនួន០១, ប្រាក់ខ្មែរចំនួន ៣០,០០០៛ (បីមុឺនរៀល)
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ មានផ្លាកលេខ បាត់ដំបង 1AP 8768 ។
នគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ចន្ទ លីហ្សា