ព័ត៌មានទាន់ហេតុការណ៍៖

លិខិតស្នើសុំបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងរឿងហេតុដែលបានកើតឡើង កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានពន្លឺជាប់ចិត្ត

ចែករំលែក៖

ខេត្តកណ្ដាល៖ ខ្ញុំបាទឈ្មោះ ឌឿន ចាន់ដារ៉ា អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ មានទីលំនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទូរស័ព្ទលេខ ០៧០ ៩៥ ៥៨ ៩៥។

សូមជម្រាបជូនគ្រប់បណ្តាសារព័ត៌មាន និងគ្រប់គេហទំព័រព័ត៌មានទាំងអស់ និងសាធារណជន

កម្មវត្ថុ ៖ ស្នើសុំបំភ្លឺតបទៅនឹងការចុះផ្សាយរាល់វីដេអូព័ត៌មានក្នុងគេហទំព័រព័ត៌មានផ្សេងៗ និងគ្រប់ការចុះផ្សាយលើទំព័រព័ត៌មាន ពាក់ព័ន្ធនឹងរឿងហេតុដែលបានកើតឡើង កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចភោជនីយដ្ឋានពន្លឺជាប់ចិត្ត ស្ថិតក្នុងភូមិថ្មី.. សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទសូមជម្រាបជូន គ្រប់បណ្តាសារព័ត៌មាន និងគ្រប់គេហទំព័រព័ត៌មានទាំងអស់ និងសាធារណជន បានជ្រាបនូវរឿងហេតុដែលបានកើតឡើងដូចតទៅ៖ “ ដូចសព្វដង បន្ទាប់ពីបំពេញការងារជូនអង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចប់ម៉ោង ០ រដ្ឋបាល ក្នុងនាមខ្ញុំជាប្តីតែងតែជួយមើលការខុសត្រូវ និងរៀបចំឡានម៉ូតូរបស់ភ្ញៀវដែលមក ទទួលទានអាហារនៅក្នុងហាងរបស់ប្រពន្ធខ្ញុំមានយីហោ ពន្លឺជាប់ចិត្ត។ ក្នុងពេលនោះដែរ គឺនៅ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨យប់ មានយុវជនម្នាក់ អាយុប្រហែល៣០ឆ្នាំ បានជិះម៉ូតូពីលិចទៅកើត ឈ្ងោកចុចទូរស័ព្ទអត់មើលផ្លូវក៏ជុលមកបុកជាមួយរថយន្តរបស់ភ្ញៀវ មកពិសារអាហារក្នុងហាង បណ្ដាលឱ្យខូចខាតបន្តិចបបន្តួច ឃើញដូច្នេះខ្ញុំក៏បានដើរទៅនិយាយ ជាមួយយុវជនរូបនោះថាប្អូនខុសហើយ ជិះម៉ូតូទាំងស្រវឹង និងឈ្ងោកចុចទូរស័ព្ទទៀត និងស្នើសុំឱ្យ យុវជនរូបនោះទទួលខុសត្រូវចំពោះការបង្កឱ្យខូចខាតឡានរបស់ភ្ញៀង។ ភ្លាមនោះ ខ្ញុំបានថតរូប ត្រង់ចំណុចខូចខាតឡាន ផ្ញើទៅជាងឡានដែលស្គាល់គ្នាធ្វើការវាយតម្លៃពីការចំណាយជួសជុល តែមិនឃើញឆ្លើយតប ទើបខ្ញុំសួរទៅយុវជនរូបនោះថាតើប្អូនស្គាល់ជាងជួសជុលឡានអត់ បើមាន សួរគាត់ទៅថាអស់ប៉ុន្មាន តែយុវជនរូបនោះមិនឆ្លើយតបនោះទេ បែរជាលើកទូរស័ព្ទខលទៅគ្នា គាត់ថាមានអ្នកមើលខុសត្រូវហាង(សំដៅលើរូបខ្ញុំ) មកនិយាយកាតេកាតឺអត់ដឹងអីដាក់គាត់ លឺដូច្នេះ ខ្ញុំក៏ឈប់និយាយ ដើរចូលទៅក្នុងហាង។ បានបន្ដិច យុវជនរូបនោះ យកទូរស័ព្ទទៅថតមុខហាង ទើបខ្ញុំដើរទៅសួរនាំថាហេតុអ្វីថតហាងដូច្នេះ បញ្ហាបង្កឱ្យឡានភ្ញៀវមិនទាន់ដោះស្រាយផងនោះ ភ្លាមនោះ យុវជននេះ បានដើរចូលមកក្នុងហាងបង្កភាពរញ៉េរញ៉ែ ដោយស្រែកអះអាងថាគាត់ ជាអ្នកសារព័ត៌មាន ដោយមានបំណងអុកឡុកក្នុងហាង ទើបខ្ញុំ និងបុគ្គលិកហាងផ្សេងទៀតឃាត់ និងនិយាយមិនឱ្យធ្វើដូច្នេះទៀត ទើបយុវជនរូបនេះដើរសំដៅទៅម៉ូតូរួចក៏ជិះចេញទៅបាត់។ បានប្រហែលកន្លះម៉ោង ក៏មានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅចុះមកដល់ទីតាំងហាង ដើម្បីសួរនាំ ព្រោះយុវជនរូបនោះ បានប្ដឹងរាយការណ៍ថា រូបខ្ញុំយកកាំភ្លើងមកភ្ជង់គំរាមអាយុជីវិតរបស់គាត់ទៅវិញ ទើបខ្ញុំប្រាប់ពីដំណើររឿងដែលកើតឡើងជូនសមត្ថកិច្ច ថាពុំមានហេតុការណ៍ កើតឡើងដូចការរាយការណ៍របស់យុវជនរូបនេះឡើយ ដោយមានសាក្សីបុគ្គលិកហាងបំភ្លឺជូន ផងដែរ ទើបសមត្ថកិច្ចត្រឡប់ទៅវិញ។

ប្រសិនបើមានករណីដូចការលើកឡើងរបស់យុវជនរូបនោះថា រូបខ្ញុំបាទបានវ៉ៃ ច្របាច់កនិងគំរាមបាញ់សម្លាប់ចោលទៅលើយុវជនម្នាក់បង្កការភ្ញាក់ផ្អើលនៅក្រុងតាខ្មៅខេត្តកណ្តល ច្បាស់ណាស់ថាសមត្ថកិច្ចនឹងមានវិធានការណ៍តាមផ្លូវច្បាប់ក្នុងពេលនោះលើរូបខ្ញុំជាក់ជាមិនខាន ប៉ុន្តែតាមការចុះមកពិនិត្យជាក់ស្ដែងមិនឃើញមានរឿងហេតុដូច្នេះទើបសមត្ថកិច្ចត្រឡប់ទៅវិញ។

ខ្ញុំសូមបញ្ជាក់ជូនថាៈ ហាងនេះជាហាងរបស់ប្រពន្ធខ្ញុំ(ដូចមានបញ្ជាក់ក្នុងប័ណ្ណ ប៉ាតង់ដែលភ្ជាប់ជូនស្រាប់) ហើយខ្ញុំក៏ពុំមែនជាអ្នកគ្រប់គ្រង ឬ ជាអ្នកកាងហាងនេះដូចការ ចុះផ្សាយឡើយ គឺគ្រាន់តែឆ្លៀតចប់ម៉ោងការងាររដ្ឋ មកជួយរៀបចំម៉ូតូឡានរបស់ភ្ញៀវដែលមក ទទួលទានអាហារក្នុងហាងរបស់ប្រពន្ធខ្ញុំប៉ុណ្ណោះ។

ខ្ញុំពុំបានយកកាំភ្លើងភ្ជង់គំរាមសម្លាប់លើ យុវជនរូបនោះ ដូចអ្វីដែលចុះផ្សាយដែរព្រោះខ្ញុំពុំដែលយកកាំភ្លើងដាក់តាមខ្លួនឡើយ គឺទុកនៅនឹងអង្គភាព បន្ទាប់ពីចប់ម៉ោងការងារឬ ចប់បេសកកម្ម។

ខ្ញុំពុំបានយកតួនាទី ឬ មុខងារជាមន្ត្រីនគរបាល ទៅកាងហាងដូចការចុះផ្សាយទេ។ កន្លងមក ខ្ញុំពុំដែលស្គាល់ ឬ មានទំនាស់អ្វីជាមួយយុវជនរូបនេះឡើយ ដោយគ្រាន់តែ ខ្ញុំជួយសម្របសម្រួលករណីដែលគាត់បានបង្កឡើង បែរជាគាត់ខឹងនឹងខ្ញុំ ហើយមកថតរូបហាង យកទៅឱ្យក្រុមអ្នកសារព័ត៌មានចុះផ្សាយតាមការរៀបរាប់របស់គាត់ខុសពីការពិតទាំងសុង នាំឱ្យ ប៉ះពាល់ដល់កិត្តិយស មុខរបរក្រុមគ្រួសារខ្ញុំ ថែមទាំងប៉ះពាល់ដល់ថ្នាក់ដឹកនាំអង្គភាពដែលខ្ញុំបម្រើការងារបន្ថែមទៀត។

ក្នុងរឿងនេះដែរ ខ្ញុំបានដាក់ពាក្យបណ្ដឹងលើយុវជនរូបនេះ ចូលទៅអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដើម្បីស្រាវជ្រាវផ្ដល់ភាពត្រឹមត្រូវ និងយុត្តិធម៌ដល់រូបខ្ញុំបាទរួចហើយ៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖