ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ឆេះផ្ទះលក់ដូរ២ល្វែងនៅជាន់ទី១ផ្អើលអ្នកធ្វើដំណើរនៅផ្សារវាលយន្តទាំងព្រឹកដោយមូលហេតុឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យឆេះផ្ទះលក់ដូរ២ល្វែងនៅជាន់ទី១ផ្អើលដល់អ្នកធ្វើដំណើរនៅផ្សារវាលយន្តនិងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ដោយសារមូលហេតុឆ្លងចរន្តអគ្គិសនី។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០២៣ស្ថិតនៅខាងជើងផ្សារវាលយន្តក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងស្វាយរៀងបានឱ្យដឹងថា ម្ខាស់ផ្ទះមានឈ្មោះ ឈឿង ឆូយ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ដោយផ្ទះសង់អំពីថ្មបេតុង កម្ពស់១ជាន់ ទាំងជាន់ផ្ទាល់ដីចំនួន០២ល្វែង ទំហំ៧ម៉ែត្រកន្លះគុណនឹង២០ម៉ែត្រ ស្ថិតក្នុងភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

    ចំណែកសម្ភារវិញខូចខាតអស់មួយចំនួននិងមិនមានគ្រោះថ្នាក់ដល់មនុស្សព្រមទាំងមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានករណីអគ្គិភ័យពីអាជ្ញាធរមូលដ្ឋានភ្លាម កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងសហការជាមួយកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តនិងកងរាជអាវុធហត្ថក្រុងចំនួន២៩នាក់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿងគឺមានរថយន្តស្នងការដ្ឋាននគរបាលខេត្ត០២គ្រឿង អធិការដ្ឋាននគរបាលក្រុងស្វាយរៀង០១គ្រឿង កងរាជអាវុធហត្ថខេត្ត០១គ្រឿង និងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥រថយន្ត ស្មើនឹង៧៥ម៉ែត្រគូបដោយយើងគ្រប់គ្រងស្ថានការណ៍បាន ហើយរលត់ទាំងស្រុងនៅវេលាម៉ោង១១ និង៤០នាទី ថ្ងៃត្រង់ថ្ងៃដដែល។

    សូមបញ្ជាក់ថា ក្នុងហេតុការណ៍អគ្គិភ័យនេះក៏មានវត្តមានលោកស្នងការនគរបាលខេត្ត លោកណុប ចំរើន អភិបាលក្រុងដឹកនាំចុះបញ្ជាផ្ទាល់សមត្ថកិច្ចទាំង៣ស្ថាប័ននិងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖