ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ដែលបើកម៉ូតូទាំងរំលងអធ្រាត្រ នៅចំណុចស្ដុបចំការមន តាមផាកពិន័យអ្នកបើកបររថយន្ត ត្រូវមេអង្គភាពស្នេីសុំទៅថ្នាក់ដឹកនាំដេីម្បីបន្ថយឋានន្តរស័ក្តិមួយថ្នាក់ពីអនុសេនីយ៍ទោមកត្រឹមអនុសេនីយ៍ត្រី ហើយមន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍វិញ។
សេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០នាទី រំលងអធ្រាត្រ នៅចំណុចស្ដុបចំការមន ។
មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ទៅកងអន្តរាគមន៍ ជាពិសេសបានស្នេីសុំទៅថ្នាក់ដឹកនាំដេីម្បីបន្ថយឋានន្តរស័ក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:០០នាទី រំលងអធ្រាត្រ លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ ៧៨៦៦៥ មន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោកបានធ្វើដំណើរចេញពីផ្ទះក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត ០១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោកអនុសេនីយ៍ទោ ជឹម សាលីន បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត ហើយអ្នករួមដំណើរក្នុងរថយន្តសួរថា តើខ្ញុំខុសអី ? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថាបងស្រីអត់ពាក់ខ្សែក្រវាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឱ្យថតប៉ុណ្ណោះ។
ជាក់ស្តែងការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហេីយការធ្វេីនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចធ្វេីការដាក់វិន័យ និងស្នេីសុំទៅថ្នាក់ដឹកនាំដេីម្បីសុំគោលការណ៍បន្ថយឋានន្តរស័ក្កិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឲ្យទៅបម្រើការងារនៅកងអន្តរាគមន៍វិញ៕
ដោយ ៖ សហការី