ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថាកម្ពុជាគ្មានសមត្ថភាពណាមួយក្នុងការផ្ដល់ជំនួយយោធាឱ្យប្រទេសអ៊ុយក្រែននោះទេ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានបញ្ជាក់ថាកម្ពុជាគ្មានសមត្ថភាពណាមួយក្នុងការផ្ដល់ជំនួយយោធាឲ្យប្រទេសអ៊ុយក្រែននោះទេ ខណៈសម្ដេចបញ្ជាក់ថាការបណ្ដុះបណ្ដាលអ្នកដោះមីនគឺជារឿងមនុស្សធម៌ប៉ុណ្ណោះ។

ថ្លែងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «រឿងបណ្ដុះបណ្ដាលអ្នកដោះមីននៅអ៊ុយក្រែន គឺជារឿងមនុស្សធម៌សុទ្ធសាធ។ សូមកុំច្រឡំ!»។

សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍បន្តថា, ថា ជាទូទៅកម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេសរួមចំណែកក្នុងការរក្សាសន្តិភាព ខណៈបច្ចុប្បន្នកម្ពុជាមានកងទ័ពសម្រាប់ជួយដោះមីននៅប្រទេសចំនួន៤គឺ ម៉ាលី ស៊ូដង់ខាងត្បូង អូម៉ង់ និងអាហ្វ្រិកកណ្ដាល។ 

សូមបញ្ជាក់ផងដែរថា, ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីបំណងដែលសម្ដេចចង់បង្កើតឲ្យមានកន្លែងមើលទារក និងក្នេងតូចៗ នៅតាមសាកលវិទ្យាល័យដើម្បីសម្រួលដល់ការលំបាកដល់និស្សិតជាស្ត្រីដែលមានកូន។

សម្ដេចបានលើកឡើងថា ការធ្វើបែបនេះគឺដើម្បីជំរុញដល់ការសិក្សាអប់រំរបស់និស្សិតជាស្ត្រី ដែលមើលទៅនៅក្នុងថ្នាក់សាកលគឺមានតិចជាងបុរសដែលអាចប្រហែលដោយសារតែស្ត្រីភាគច្រើនមានកូនហើយត្រូវមើលថែរក្សាកូនរបស់ពួកគេ៕

ដោយ ៖ សិលា


ចែករំលែក៖