ខេត្តសៀមរាប ៖ អ្នកភូមិនគរក្រៅតែងប្រារព្ធពិធីឡើង មាឃឬឡើងអ្នកតាដើម្បីសុំសេចក្តីសុខតាមជំនឿរៀងៗខ្លួន ដែលពិធីនេះធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែមាឃ។ ជាក់ស្តែងនៅថ្ងៃ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ខែមករា ឆ្នាំ២០២៣នេះ អ្នកភូមិនគរក្រៅ មានប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើង មាឃឬពិធីឡើងអ្នកតា ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី សុំសេចក្តីសុខ ចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន និងចៀសផុតពីជំងឺចង្រៃផ្សេងៗ។
ពិធីឡើងមាឃ ឬឡើងអ្នកតានេះ អ្នកភូមិដែលចូលរួម បានរៀបចំនំបញ្ចុកសម្លប្រហើរសម្លការីនំចំណី និងផ្លែ ឈើព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជាក្បាល ជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផងយកមករៀបចំធ្វើជាគ្រឿងសំណែននិងដង្វាយ។
ក្រៅពីនោះ ក៏មានស្លាធម៌ បាយសី មានគ្រឿងសំណែន ទៀន ធូប បារី ខោ អាវ និងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូបបួងសួង ដោយមានអ្នកស្នងរូប ដើម្បីឱ្យលោកតាបានរាំរែកសប្បាយ ជក់បារី ទទួលសម្លៀកបំពាក់ថ្មី អ្នកភូមិជឿថា បើអ្នកតាសប្បាយចិត្ត អ្នកភូមិនឹងបានសុខសប្បាយតរៀងទៅ។
ក្រៅពីអ្នកភូមិនគរក្រៅ ក៏មានអ្នកភូមិផ្សេងៗក្នុងតំបន់អង្គរនាំគ្នាធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាដូចគ្នាដែរ។ តួយ៉ាង នៅគោកតារាជនៃប្រាសាទអង្គរវត្ត ទួលដូនប៉ុកប្រាសាទវត្តអាធ្វារជាដើម៕
ដោយ៖ សូរិយា