ព័ត៌មានទាន់ហេតុការណ៍៖

តំបន់អាស៊ាននឹងមានសភាពអ៊ូអរ ខណៈភ្ញៀវទេសចរចិនចាប់ផ្តើមដំណើរកម្សន្តក្រោយជួបជុំគ្រួសារថ្ងៃចូលឆ្នាំ

ចែករំលែក៖

លំហូរនៃអ្នកទេសចរចិនទៅបរទេសបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ 2023 ហើយនឹងកើនឡើងបន្ថែមទៀតនៅរដូវក្តៅក្រោយ។ យោងតាមទិន្នន័យចុងក្រោយបំផុតពី ForwardKeys គោលដៅនៅអាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍មុនគេពីការត្រលប់មកវិញនៃភ្ញៀវមកពីប្រទេសនេះ។
យោងតាមទិន្នន័យចុងក្រោយពីក្រុមហ៊ុនទិន្នន័យការធ្វើដំណើរ ForwardKeys ការប្រកាសរបស់រដ្ឋាភិបាលចិនក្នុងការបើកព្រំដែនចាប់ពីថ្ងៃទី ៨ ខែមករាបានបណ្តាលឱ្យមានការកក់ជើងហោះហើរកើនឡើងភ្លាមៗ។ ចាប់ពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ដល់ថ្ងៃទី ៣ ខែមករា ឆ្នាំៗ៊២៣ ការកក់សំបុត្របានកើនឡើង 192% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្រុមហ៊ុនក៏បានដកស្រង់របាយការណ៍របស់ Dragon Trail International ថា ជាង 60% នៃអ្នកឆ្លើយតបការស្ទង់មតិបាននិយាយថា ពួកគេចង់ធ្វើដំណើរនៅខាងក្រៅប្រទេសចិននៅឆ្នាំនេះ។ អ្នកចូលរួមការស្ទង់មតិបាននិយាយថា ពួកគេរំភើបចិត្តក្នុងការសម្រាកលំហែកាយក៏ដូចជាទទួលបានបទពិសោធន៍ទេសភាព អាហារ វប្បធម៌ និងការដើរទិញអីវ៉ាន់នៅបរទេស។
យោងតាម ForwardKeys តម្រូវការធ្វើដំណើរនៅតែកើនឡើងក្នុងកម្រិតខ្ពស់។ បើនិយាយពីវិស័យទេសចរណ៍ក្រៅប្រទេស ទិសដៅនៅអាស៊ីអាគ្នេយ៍ទំនងជាទទួលបានអត្ថប្រយោជន៍មុនគេពីការវិលត្រឡប់របស់ភ្ញៀវទេសចរចិន។
ជាពិសេស កន្លែងដែលបើកចំហ ដូចជាមិនតម្រូវឱ្យអ្នកទេសចរមកពីប្រទេសចិនត្រូវធ្វើតេស្តរក Covid-19 និងមាននីតិវិធីទិដ្ឋាការសាមញ្ញនឹងស្វាគមន៍អ្នកទស្សនាច្រើន។ ចំនួនភ្ញៀវទេសចរទៅកាន់ប្រទេសមួយចំនួនដូចជា ថៃ ឥណ្ឌូនេស៊ី កម្ពុជា… កំពុងតែកើនឡើងយ៉ាងខ្លាំង ដោយសារគោលនយោបាយបើកចំហសម្រាប់ភ្ញៀវទេសចរ។ ឧទាហរណ៍ ប្រទេសឥណ្ឌូនេស៊ីលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរចិន ថៃចេញទិដ្ឋាការនៅព្រំដែន ហើយកម្ពុជានិងអារ៉ាប់រួមក៏ជួយសម្រួលដល់ការធ្វើដំណើរងាយស្រួលសម្រាប់អ្នកទេសចរមកពីប្រទេសនេះផងដែរ។
ផ្តល់យោបល់លើការងើបឡើងវិញនៃទេសចរក្រៅប្រទេសរបស់ប្រទេសចិន ForwardKeys បាននិយាយថា កង្វះជើងហោះហើរ និងតម្លៃសំបុត្រខ្ពស់នឹងក្លាយជាឧបសគ្គសម្រាប់ការស្ទុះងើបឡើងវិញនៃផ្នែកនេះនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
ForwardKeys ក៏បានលើកឡើងពីអ្នកវិភាគ Dragon Trail លោក Yelinuer Kadeerbieke ដែលបាននិយាយថា លទ្ធផលស្ទង់មតិរបស់ក្រុមហ៊ុនបង្ហាញថា ការស្ទុះងើបឡើងវិញនៃទេសចរបរទេសនឹងចាប់ផ្តើមយឺតៗនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដល់ពាក់កណ្តាលឆ្នាំថ្មីពិតជាមានការរីកចម្រើន។ 42% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេនឹងធ្វើដំណើរទៅក្រៅប្រទេសក្នុងខែកក្កដា និងសីហា ដោយ 32% គ្រោងនឹងឈប់សម្រាកអំឡុងពេលរដូវស្លឹកឈើជ្រុះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TL


ចែករំលែក៖