ខេត្តសឹ្ទងត្រែង៖ ស្រ្តីម្នាក់ជិះម៉ូតូឌុបកូនពីរនាក់ដើរលក់ខោអាវតាមភូមិកោះខឌិន សង្កាត់សាមគ្គី ក្រុង/ខេត្តសឹ្ទងត្រែង ខណ:ពេលមកដល់ពាក់កណ្តាលផ្លូវនៅចំណុចគីឡូម៉ែត្រលេខ១៤ លើផ្លូវជាតិលេខ ៧ អាស៊ានហាយវ៉េកម្ពុជា-ឡាវ ជិតដល់ផ្ទះជនរងគ្រោះដែលស្ថិតនៅចំណុចព្រៃចាស់ ភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុង-ខេត្តសឹ្ទងត្រែងក៏ត្រូវបានក្រុមចោរមកឆក់យកកាបូបលុយរបស់ស្ត្រីរងគ្រោះបានសម្រេច រួចគេចខ្លួនបាត់ស្រមោល។
ភ្លាមៗនោះស្ត្រីរងគ្រោះក៏បានស្រែកឆោឡោឱ្យគេឯងជួយរួចក៏ជិះម៉ូតូតាមបណ្តើរ ក៏បានឃើញកាបូបនោះ នៅលើផ្លូវធ្វើឱ្យគាត់ត្រេកអរឡើងវិញ តែក្រោយទៅយកកាបូបមើល ស្រាប់តែលុយអស់គ្មានសល់សូម្បីតែមួយរយរៀល។ នេះបើតាមការរៀបរាប់របស់ស្រ្តីឈ្មោះលឹម សុភា ដែលរស់នៅចំណុចព្រៃចាស់ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែង ខេត្តសឹ្ទងត្រែង បានផ្តល់កិច្ចសម្ភាសន៍នៅនឹងកន្លែងចោរឆក់កាបូប នៅរសៀលថ្ងៃទី ២៦ ខែមករានេះថា នៅក្នុងកាបូបនោះគាត់បានខ្ចីលុយគេបាន២លាន៥០ម៉ឺនរៀលបន្ថែមទៀត។
ស្រ្តីរងគ្រោះរូបនេះបានបញ្ជាក់ថា ដើម្បីយកទៅដោះសងធនាគារ ព្រោះជិតដល់ថ្ងៃបង់ហើយរកលុយមិនទាន់ លក់ខោអាវមិនសូវដាច់ផង។ ពេលដែលគាត់បានជិះម៉ូតូតាមបណ្តោយផ្លូវជាតិមកដល់ពាក់កណ្តាលផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ១៤ ស្ថិតនៅភូមិខាងលើនោះក៏លេចមុខក្រុមចោរប្លន់ជិះម៉ូតូតាមពីក្រោយ ពាក់មួកសវត្ថិភាពបិទម៉ាស់ជិត មានគ្នា៣នាក់ដោយគាត់មិនបានចាប់អារម្មណ៍ដឹងថាចោរនោះឡើយ ពួកចោរក៏បានធ្វើសកម្មភាពឆក់យកកាបូបគាត់បណ្តាលឱ្យដួលទាំងម៉ែទាំងកូនយកលុយអស់ចំនួន២លាន៥០ម៉ឺនរៀល រួចបោះកាបូបចោល។ ស្រ្តីដដែលបានបន្តទៀតថា: ក្រុមចោរទាំងនោះបម្រុងយកម៉ូតូថែមទៀត តែចៃដន្យមានរថយន្តនិងម៉ូតូប្រជាពលរដ្ឋមកដល់ ភ្លាមនោះក្រុមចោរប្លន់ទាំងនោះ ក៏បានឡើងម៉ូតូជិះរត់គេចខ្លួនបាត់តែម្តង។
សូមបញ្ជាក់ថា ក្រោយមកក៏បានឃើញលោកមេភូមិគីឡូ៨ និងកម្លាំងប្រជាការពារភូមិមកដល់ ហើយភ្លាមៗនោះក៏បានទូរស័ព្ទទាក់ទងទៅសមត្ថកិច្ច នគរបាលប៉ុស្តិ៍សង្កាត់សាមគ្គីផងដែរ តែជនរងគ្រោះរង់ចាំយូរពេក ទ្រាំមិនបានូវការឈឺចាប់ខ្លួនរងរបួសផងនោះ ព្រោះមិនឃើញសមត្ថកិច្ចឬលោកមេប៉ុស្តិ៍មកដល់សោះ ជនរងគ្រោះក៏បង្ខំចិត្តឡើងជិះម៉ូតូទៅផ្ទះដើម្បីព្យាបាលរបួស។
ទៅផ្ទះលុយអស់ខ្ចីគេផង ហើយជិតដល់ថ្ងៃបង់ធនាគារទៀត ខ្លួនក៏របួសឈឺចាប់ពេញខ្លួន ថែមទាំងកូនៗ២នាក់ក៏រងរបួសដែរ ស្ត្រីរងគ្រោះអស់សង្ឃឺមខ្លាំងណាស់ព្រោះសមត្ថកិច្ចនគបាលប៉ុស្តិ៍ក្នុងមូលដ្ឋានហាក់បីដូចជាមិនចាប់អារម្មណ៍នឹងបញ្ហាអសន្តិសុខជូនប្រជាពលរដ្ឋ ឬចាត់វិធានការឱ្យបានទាន់ពេលវេលាឡើយ តើឯណាទៅភូមិឃុំមានសុវត្ថិភាព? ជាចុងក្រោយស្ត្រីជនរងគ្រោះក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋ ទាំងខ្លួនអស់សង្ឃឹមផងនោះ សូមបងប្អូនប្រជាពលរដ្ឋទាំងឡាយដែលធ្វើដំណើរតាមផ្លូវជាតិ កន្លែងស្ងាត់ ឬកន្លែងប្រជុំជន ត្រូវប្រុងប្រយ័ត្នការពារដោយខ្លួនឯង ប្រយ័ត្នក្រុមចោរឆក់យកកាបូបដូចរូបគាត់ទៀត៕
ដោយ៖ មាស សុផាត