ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថាអស់រយៈពេល ១០០ឆ្នាំហើយដែលសាសនាគ្រិស្តបាននៅជាមួយនឹងពលរដ្ឋកម្ពុជា។ សាសនានេះក៏បានឆ្លងកាត់នូវការលំបាកជាមួយនឹងពលរដ្ឋផងដែរ ឆ្លងកាត់សង្គ្រាមអំពើប្រល័យពូជសាសន៍ដូចគ្នា។
ថ្លែងក្នុងពិធីប្រារព្ធខួប ១០០ឆ្នាំនៃវត្តមានសាសនាគ្រិស្ដនៅកម្ពុជានៅកោះពេជ្រ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថាថ្ងៃជ័យជំនះ ៧ មករា គឺបាននាំមកឲ្យប្រជាជនកម្ពុជាវិញនូវសិទ្ធរស់រានមានជីវិតនិងការអភិវឌ្ឍដូចបច្ចុប្បន្នហើយគ្រិស្តសាសនាក៏ដូចគ្នាដែរ។
សម្ដេចថា៖ «ពេលយើងមានទុក្ខគឺយើងមានទុក្ខទាំងអស់គ្នា តាមរយៈនេះអ្នកទាំងអស់គ្នាអាចនឹងបានហើយថា ៧ មករា មិនគ្រាន់តែធ្វើឲ្យរស់ឡើងវិញនូវជីវិតមនុស្សប៉ុណ្ណោះទេ ក៏ប៉ុន្តែបានធ្វើឲ្យរស់ឡើងវិញនៅគ្រប់សាសនាទាំងអស់រូបទាំងគ្រិស្ដសាសនាផងដែរ»។
ជាមួយគ្នានេះសម្ដេចតេជោក៏បានអំពាវនាគ្រិស្តសាសនាចូលរួមក្នុងការថែរក្សាសន្តិភាពដែលមានក្នុងពេលបច្ចុប្បន្នឲ្យបានស្ថិតិគង់វង្សផងដែរ។
សម្ដេចថា៖ «តើបានឃើញសោកនាដកម្មដែលកើតឡើងចំពោះប្រទេសដែលមានសង្គ្រាម? ហើយឲ្យក្នុងនោះគ្រិស្តសាសនាក៏បានរួមទុក្ខវេទនាផងដែរ។ សម្រាប់កម្ពុជា យើងកំពុងតែទទួលផលពីសន្តិភាពនេះ ដូច្នេះត្រូវប្រើប្រាស់អស់នូវសក្កានុពលសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍន៍របស់ពួកយើង»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖ ការជួបជុំនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការរីកចម្រើនជំនឿគ្រិស្តសាសនានៅកម្ពុជា ក្រោមម្លប់សន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអបអរសារទរ រីករាយចំពោះវត្តមាននៃសាសនាគ្រិស្ត ១០០ឆ្នាំនៅលើទឹកដីកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សាសនាគ្រិស្ត បានចូលមកកម្ពុជាដំបូងនៅក្នុងឆ្នាំ១៩២៣ ពេលវេលាដើរមកពេលនេះ គឺមានអាយុកាល ១០០ឆ្នាំហើយ បច្ចុប្បន្នមានសមាជិកសាសនានៅកម្ពុជាចំនួន ១១៤ ៤០២ នាក់បានចុះបញ្ជី។ នេះសបញ្ជាក់បានថា វត្តមានរបស់សាសនិកនៅលើទឹកដីកម្ពុជា ទើបមានការ ប្រារព្ធពិធីជួបជុំបាននៅថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញនូវការរីកចម្រើននៅជំនឿគ្រិស្តសាសនានៅកម្ពុជាក្រោមម្លប់សន្តិភាព៕
ដោយ ៖ សិលា