ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ៖ អាជ្ញាធរខេត្តព្រះសីហនុ អញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលវត្តមានភ្ញៀវទេសចរជនជាតិចិនជើងទី១ ដែលមកកំសាន្តនៅលើទឹកដីខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ តំណាងក្រសួងទេសចរណ៍ តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុ បានអញ្ជើញធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានភ្ញៀវទេសចរណ៍ជនជាតិចិន អញ្ជើញមកពីទីក្រុងគុនមីង មកខេត្តព្រះសីហនុ ធ្វើដំណើរតាមយន្តហោះជើងទីមួយ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ នេះជាបញ្ជាក់ ពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លើផេកផ្លូវការ របស់លោក ។ 

សូមជម្រាបថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា  សង្ឃឹមថានឹងទទួលបានភ្ញៀវទេសចរណ៍ចិនចំនួន២លាននាក់នៅឆ្នាំ២០២៣នេះ ខណៈដែលប្រទេសជាច្រើនស្វាគមន៍ភ្ញៀវទេសចរណ៍ចិន ហើយរំពឹងទុកប្រទេសចិនជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក។

     លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា,   ចាប់តាំងពីប្រទេសចិនបានកែលំអវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩   យោងតាមស្ថានភាពជំងឺឆ្លងអន្តរជាតិនិងសមត្ថភាពផ្តល់សេវាកម្មធានាលើគ្រប់វិស័យ ប្រទេសចិនបានបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេសរបស់ប្រជាពលរដ្ឋចិនឡើងវិញដោយមានសណ្តាប់ធ្នាប់ តាមគោលការណ៍ធ្វើការសាកល្បង ។   ទីផ្សារទេសចរណ៍សកល  បានឆ្លើយតបយ៉ាងសកម្មចំពោះការនេះ ហើយស្វាគមន៍ភ្ញៀវទេសចរណ៍ចិនយ៉ាងរាក់ទាក់កក់ក្តៅ ។  សហគមន៍អន្តរជាតិទទួលសម្គាល់ជាទូទៅថា  ការដែលប្រទេសចិនកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩   ធ្វើឱ្យបែបបទចេញទៅក្រៅប្រទេសមានភាពងាយស្រួល  និងបើកឡើងវិញនូវការធ្វើដំណើរទៅក្រៅប្រទេស  ប្រការទាំងនេះមានអំណោយផលដល់ការជំរុញការអភិវឌ្ឍទេសចរណ៍ពិភពលោក  ជំរុញការស្តារឡើងវិញនៃសេដ្ឋកិច្ច  ក៏ដូចជាបំពេញបន្ថែមភាពរស់រវើកកាន់តែច្រើនដល់ការជំរុញការផ្លាស់ប្តូរ និងចំណងមិត្តភាពរវាងប្រជាជនចិននិងបរទេស ៕

ដោយ ៖ សិលា


ចែករំលែក៖