ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក ប៉ាទ្រិក មើហ្វ៊ី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេក ទេស នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីលោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត រួមទាំងសិស្សានុសិស្សជំនាញបច្ចេកទេសជាច្រើនរូប ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
លោក កោ គីមអាន នាយកមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត បានសម្តែងនូវក្តីរីយរាយយ៉ាងក្រៃលែង ដែលឯកអគ្គរដ្ឋទូតអាមេរិកបានអញ្ជើញជួបសំណេះសំណាលនៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីនាពេលនេះ។ លោកមាន ប្រសាសន៍បន្ថែមថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជាគ្រឹះស្ថានបណ្តុះបណ្តាលដែលត្រូវបានទទួលស្គាល់ពីមជ្ឍដ្ឋាននានាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមត្ថភាព និងគុណធម៌។
លោកមានប្រសាសន៍ទៀតថា មជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី មានបេសកម្ម ទី១. ផ្តល់ការបណ្តុះបណ្តាលជំនាញឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព ទី២. បំពាក់ផ្នត់គំនិតវិជ្ជមាន និងសហគ្រិនភាព ដើម្បីជាទុនសម្រាប់ភាពជោគជ័យក្នុងការងារ និងអាជីវកម្ម ទី៣. ជំរុញ និងបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធកាន់តែទូលំទូលាយ និងល្អប្រសើរ និងទី៤. លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តឱ្យសមស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាទំនើប។
លោក ប៉ាទ្រិក មើហ្វ៊ី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា ស្ថានទូតអាមេរិចប្រចាំប្រទេសកម្ពុជាបច្ចុប្បន្នមានបុគ្គលិកខ្មែរទាំងអស់ប្រមាណ៦០០នាក់ ហើយលោកគ្រូ អ្នកគ្រូ និងបងប្អូនសិស្សានុសិស្សនៅទីនេះ ក៏អាចមានឱកាសចូលធ្វើការនៅស្ថានទូតអាមេរិចបានដែរ។ លោកឱ្យដឹងទៀតថា រាល់ការជ្រើសរើសបុគ្គលិកចូលធ្វើការ ពួកគាត់សុទ្ធតែឆ្លងកាត់ការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដូចជាផ្នែកអគ្គីសនី ផ្នែកទឹក ភ្លើង ផ្នែកជាងឈើជាដើម។
ឯកអគ្គរដ្ឋទូតអាមេរិច សង្ឃឹមថា នឹងអាចជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព ប្រសិទ្ធភាព មិនថាជាអ្នករស់នៅទីក្រុងភ្នំពេញ ឬតាមបណ្តាលខេត្តនានានោះទេ ហើយលោកពិតជាមានភាពរំភើបសប្បាយរីករាយនៅពេលប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មានឱកាសបានចូលធ្វើការនៅស្ថានទូតអាមេរិច ជាពិសេសបងប្អូនដែលជាជនជាតិដើមភាគតិច រស់នៅលេីទឹកដីនៃខេត្តមណ្ឌលគិរីនេះតែម្តង។
នាឱកាសនោះ ឯកអគ្គរដ្ឋទូតអាមេរិច ប្រចាំប្រទេសកម្ពុជា បានចែកនូវវត្ថុអនុស្សាវរីយ៍មួយចំនួន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជំនាញបច្ចេកទេសផងដែរ៕
ដោយ៖ សូរិយា