ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជិះម៉ូតូឆក់កាបូបពលរដ្ឋកំពុងធ្វើដំណើរត្រូវកម្លាំងកងរាជអាវុធស្រុកកំពង់ត្រឡាច ឃាត់ខ្លួនបានម្នាក់ក្នុងចំណោម២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ក្រោយពីបានចេញធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបប្រជាពលរដ្ឋនៅតាមផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ តាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

  លោកវរសេនីយ៍ត្រី រស់ វុទ្ធា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ឈ្មោះ រិន ធូម៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (អ្នកឆក់ត្រូវបានឃាត់ខ្លួន)។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ថៃ រស់នៅភូមិលង្វែក ឃុំលង្វែក (អ្នកបើកម៉ូតូបានរត់គេចខ្លួនបាត់) ពេលនេះសមត្ថកិច្ចកំពុងតាមរក ។

ចំណែកជនរងគ្រោះមានឈ្មោះ ប៊ិន សីហា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាបក្រុង-ខេត្តពោធិ៍សាត់ជិះម៉ូតូឌុបប្រពន្ធលើកំណាត់ផ្លូវជាតិលេខ ៥។

លោកវរសេនីយ៍ត្រី រស់ វុទ្ធា បានឱ្យដឹងថា នៅមុនកើតហេតុ ក្រុមជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H.៩៩៥៩ ជិះឌុបគ្នា២នាក់ ។ នៅពេលមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ ឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាដែលមានប្រពន្ធនៅពីក្រោយមានកាបូបផងនោះ ជនសង្ស័យជិះម៉ូតូទៅក្បែរ ហើយបានឆក់យកកាបូបតែម្តង។ ក្រោយពីឆក់បានភ្លាម ប្រជាពលរដ្ឋបានស្រែកឆោឡោ និងរាយការណ៍ទៅសមត្ថកិច្ច នឹងបានតាមចាប់បានជនសង្ស័យម្នាក់ ដោយឡែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានរឹបអូសម៉ូតូម៉ាកហុងដា C125 ចំនួន០១គ្រឿង(របស់ជនសង្ស័យ) , កាបូបពណ៌ខ្មៅចំនួន០១មានប្រាក់ចំនួន១០ម៉ឺន៤ពាន់រៀល, អត្តសញ្ញាណប័ណ្ណ០២សន្លឹក ,កាតចាក់វ៉ាក់សាំង០១សន្លឹក និងកាតអេស៊ីលីដា០១សន្លឹក (ជារបស់ជនរងគ្រោះ) ត្រូវបានប្រគល់ជូនទៅជនរងគ្រោះវិញ ។ដោយឡែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕ 

ដោយ ៖ ចន្ថា


ចែករំលែក៖