ព័ត៌មានទាន់ហេតុការណ៍៖

យានយន្ត ២៩១គ្រឿង ត្រូវបានផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី២៩ ខែមករានេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃអាទិត្យទី២៩​ ខែមករា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំង​សមត្ថកិច្ចជំនាញ​ បានឃាត់យានយន្តសរុបចំនួន ២៩១គ្រឿងទៀត ត្រូវបានផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ ក្នុងនោះមានម៉ូតូ ២០៨គ្រឿង និងរថយន្ត ៨៣គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងបន្តថា​ សម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៧,២៧៩គ្រឿង ក្នុងនោះមានម៉ូតូ ៥,៩៨៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ១,២៩៣គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងស្លាកលេខជាដើម។ ដោយឡែករថយន្តរួមមាន៖ ខ្សែក្រវាត់ អត់បណ្ណបើកបរ ឆៀក និងល្មើសសញ្ញាជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះ​ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ​ ក៏បានកើតឡើងចំនួន ១៥លើក ក្នុងនោះអ្នកស្លាប់ចំនួន ១០នាក់ របួសចំនួន ១៤នាក់ (របួសធ្ងន់ ចំនួន ០៥នាក់)។ រយៈពេល ២៩ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៥០លើក បណ្ដាលឱ្យមនុស្សស្លាប់ ១១៩នាក់ របួស ៣២០នាក់ (របួសធ្ងន់ ២១១នាក់)៕

ដោយ​៖សហការី​


ចែករំលែក៖