ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់អំពីផ្លូវច្បាប់ ! តើជនបរទេសអាចទិញដីនៅស្រុកខ្មែរតាមរយៈមធ្យោបាយបែបណាខ្លះ?

ចែករំលែក៖

ភ្នំពេញ ៖ សូមរម្លឹកថា, រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។

តើជនបរទេសអាចទិញដីនៅស្រុកខ្មែរតាមរយៈមធ្យោបាយបែបណាខ្លះ?

តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ ៤ វីធីសំខាន់ៗ រួមមាន៖

១) តាមរយៈតំណាងជាជនជាតិខ្មែរ

បរទេសអាចទិញដីបានតាមរយៈតំណាងជនជាតិខ្មែរ ប៉ុន្តែនៅលើប័ណ្ណកម្មសិទ្ធិត្រូវដាក់ឈ្មោះអ្នកតំណាងជាជនជាតិខ្មែរ។ ដើម្បីការពារដល់អ្នកវិនិយោគបរទេសទាំងនោះ ពួកគេត្រូវតែមានកិច្ចសន្យាធានាជាមួយអ្នកតំណាងរបស់ខ្លួន។

កិច្ចសន្យាធានា អាចធ្វើឡើងជាច្រើនប្រភេទដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចីជាដើម។ ប៉ុន្តែកិច្ចសន្យាដែលពេញនិយម និងមានសុវត្ថិភាពជាងគេ គឺកិច្ចសន្យាហ៊ីប៉ូតែក មានន័យថា ជនជាតិខ្មែរម្នាក់នោះសុំកម្ចីពីបរទេសមកទិញដី ដូច្នេះប្លង់ដីត្រូវជាប់ហ៊ីប៉ូតែក ដូចក្នុងករណីដែលយើងខ្ចីលុយធនាគារទិញដីដូច្នោះដែរ។

និយាយឱ្យងាយយល់ អ្នកតំណាងខ្មែរមានឈ្មោះលើប្លង់មែន តែគ្មានសិទ្ធិលក់ ឬផ្ទេរ កម្មសិទ្ធិដោយគ្មានការអនុញ្ញាតពីម្ចាស់ហ៊ីប៉ូតែកដែលជាជនបរទេសឡើយ។ ដូច្នេះ ភាគីទាំងពីរត្រូវយកប្លង់ដីនោះទៅដាក់ហ៊ីប៉ូតែកជាមួយនឹងសុរិយោដីឱ្យបានត្រឹមត្រូវ។

២) តាមរយៈក្រុមហ៊ុនសាជីវកម្មដែលមានម្ចាស់ខ្មែរយ៉ាងហោច ៥១% ឬហៅថា Land Holding Company

វិធីនេះ ជនបរទេសអាចកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុនដែលមានសញ្ជាតិជាខ្មែរកាន់កាប់ភាគហ៊ុនយ៉ាងហោច ៥១% ហើយជនបរទេសកាន់កាប់៤៩%។ តាមរយៈវិធីនេះ ជនបរទេស ត្រូវបានការពារសិទ្ធិដោយកិច្ចសន្យាភាគហ៊ុន។

វិធីនេះទៀតសោត គឺមានការចំណាយខ្ពស់។ បើជនបរទេសនោះមានគោលបំណងបើកក្រុមហ៊ុនថ្មី ត្រូវចំណាយយ៉ាងហោចណាស់ ៤០០០ ទៅ ១២០០០ ដុល្លារ អាស្រ័យលើសេវាកម្មមេធាវី។ លើសពីនេះ ការបើកជាក្រុមហ៊ុនដើម្បីទិញដីបែបនេះ ជនបរទេសត្រូវមានកាតព្វកិច្ចបង់ពន្ធតាមផ្លូវច្បាប់ ដូចជាពន្ធលើប្រាក់ចំណូល ២០% ឬពន្ធប៉ាតង់ប្រចាំឆ្នាំជាដើម។ ដូច្នេះ វិធីនេះគួរប្រើក្នុងករណីមានការវិនិយោគទ្រង់ទ្រាយធំ។

ប៉ុន្តែ ករណីបរទេសមិនចង់បើកក្រុមហ៊ុនដោយខ្លួនឯង បរទេសក៏អាចប្រើក្រុមហ៊ុនសាជីវកម្ម ជាអ្នកតំណាងទិញ តាមរយៈកិច្ចកិច្ចសន្យាចងផ្សេងៗ ដូចជា កិច្ចសន្យាហ៊ីប៉ូតែក កិច្ចសន្យាជួលរយៈពេលវែង ឬកិច្ចសន្យាកម្ចី ដូចគ្នានឹងវិធីទី ១ ដូច្នោះដែរ។

៣) ទិញតាមរយៈក្រុមហ៊ុនបរធនបាល ឬ Trust Company

ច្បាប់ស្តីពីបរធនបាលកិច្ចឆ្នាំ២០១៩ បរទេសអាចទិញដីនៅកម្ពុជាបានតាមរយៈក្រុមហ៊ុនបរធនបាល ដែលបានចុះបញ្ជីបរធនបាលកិច្ចនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវ។ ការទិញនេះ ក៏ត្រូវធ្វើលិខិតបរធនកិច្ច ឬកិច្ចព្រមព្រៀងឈរឈ្មោះអនុលោមទៅតាមលក្ខខណ្ឌនៃច្បាប់ផងដែរ។

ក្រុមហ៊ុនប្រភេទនេះ ជាក្រុមហ៊ុនកាន់កាប់ ឬគ្រប់គ្រងទ្រព្យសម្បត្តិ ដែលអ្នកបង្កើតធនបាលកិច្ច (ហៅថាអនុប្បទានយី អាណត្តិទាយក ឬបរធនបាលទាយក) ផ្ទេរទ្រព្យសម្បត្តិនោះទៅកាន់បរធនបាល ដែលជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ដើម្បីប្រយោជន៍អ្នកដទៃ (ហៅថា អត្ថាគាហក)។

និយាយឱ្យងាយយល់ គឺទិញតាមរយៈក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះនឹងមានទំនួលខុសត្រូវខ្ពស់ ដោយក្រុមហ៊ុនបរធនបាលដើរតួរជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់ បន្តឡើយ ទោះជាដីនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ។ ការទិញដោយវិធីនេះ ជនបរទេសនឹងទទួលបានទំនុកចិត្តខ្ពស់ ហើយមិនបាច់ខាតបង់ចំណាយបើកក្រុមហ៊ុនដោយខ្លួនឯង។

៤) ការចូលសញ្ញាតិខ្មែរ

មធ្យោបាយមួយទៀតនោះ គឺតាមច្បាប់ចូលសញ្ជាតិកាលពីឆ្នាំ១៩៩៦ របស់កម្ពុជា បានចែងថា ជនបរទេសទាំងឡាយដែលទទួលបានសញ្ជាតិខ្មែរពីព្រះមហាក្សត្រ មានសិទ្ធិទិញដី និងក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លី ដូចពលរដ្ឋកម្ពុជាស្របច្បាប់ដែរ។

យ៉ាងណាក្ដីសម្រាប់ជនបរទេសដែលមិនចង់ស្មុគស្មាញក្នុងការទិញដី ពួកគេអាចក្លាយជាម្ចាស់កម្មសិទ្ធិលើអគារសហកម្មសិទ្ធិចាប់ពីជាន់ទី១ ឡើងទៅបានដោយងាយស្រួល និងស្រប់ច្បាប់ ឧទាហរណ៍អគារខុនដូជាដើម៕

ដោយ ៖ សហការី


ចែករំលែក៖