ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលបំពាក់មេដាយមាសការងារ ជូនកងកម្លាំងរុករកឧទ្ធម្ភាគចក្រ ដែលធ្លាក់ និងអាកាសយានិកពលី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចេញអនុក្រឹត្យ បំពាក់មេដាយមាសការងារ ជូនកងកម្លាំងរុករកឧទ្ធម្ភាគចក្រ ដែលធ្លាក់ និងអាកាសយានិកពលី នៃកងកម្លាំងធ្វើប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ ចំនួន៦៤រូប ទទួលបានការសម្រេចបំពាក់មេដាយ មាសការងារ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងការពារជាតិ ដោយអនុក្រឹត្យលេខ ៩៩២អនក្រ.តត ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមហេតុផល «មានស្នាដៃល្អ ក្នុងកិច្ចប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កន្លងមក» ។

សូមបញ្ជាក់ថា ៖ កន្លងទៅប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងមានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពអាកាស, ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក,ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥,ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស, ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២, ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣, ឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងវរសេនីយ៍ឯក ចាន់ ប៊ុនឌី មេបញ្ជាការ កងការពារព្រំដែនលេខ៥០១។

បេសកកម្មប្រតិបត្តិការរុករកនេះ បានប្រើប្រាស់គ្រប់មធ្យោបាយ រួមមាន៖ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា រហូតដល់រកឃើញបញ្ចប់បេសកកម្ម ៕ 

ដោយ ៖ សិលា


ចែករំលែក៖