ព័ត៌មានទាន់ហេតុការណ៍៖

របាយការណ៍ឆ្នាំ២០២២ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជាង ១៧០០នាក់ និងបញ្ជូនអ្នកល្មើសទៅតុលាការជាង ៣០០នាក់

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដែលត្រូវដោះស្រាយ។ កាលពីឆ្នាំ២០២២ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុស្សស្លាប់ជាង ១៧០០នាក់ បើធៀបនឹងឆ្នាំ២០២១ បានកើនឡើងដល់ ១៤ភាគរយ ក្នុងនោះបានបញ្ជូនជនល្មើស បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទៅតុលាការចំនួនជាង ៣០០នាក់ ។

កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ប្រចាំឆ្នាំ២០២២ និងលើកទិស ដៅការងាឆ្នាំ២០២៣ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោកស្រី មឹន មាណវី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានលើកឡើងថា ឆ្នាំ២០២២ មានគ្រោះថ្នាក់​ចរាចរណ៍ផ្លូវគោក បានកើតឡើងចំនួន ២ ៩៧៦ករណី បណ្ដាលឲ្យស្លាប់ចំនួន ១ ៧០៩នាក់ និងរងរបួសជាង ៤ពាន់នាក់ ។

លោកស្រីបានបន្តថា អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម ។ មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរដោយលើសល្បឿនកំណត់ មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ វ៉ាជែង បត់ ស្រវឹង កត្តាយានយន្ត និងងងុយ ។ ក្នុង ចំណោមជនរងគ្រោះជិះម៉ូតូសរុបជាង ៤ពាន់នាក់, ជនរងគ្រោះមិនពាក់មួកសុវត្ថិភាពជាង ៣ពាន់នាក់ ដែលភាគច្រើនមិនពាក់នៅពេលយប់ ។

លោកស្រី មឹន មាណវី បន្ថែមថា បានបញ្ជូនករណីគ្រោះ ថ្នាក់ចរាចរណ៍ទៅតុលាការចំនួន ១ ០២៧ករណី បានដោះស្រាយចំនួន ១២១ករណី កំពុងអង្កេតចំនួន ៦៦៤ ករណី បញ្ជូនជនល្មើស​ទៅតុលាការចំនួន ៣១៦នាក់ ។

លោកស្រីបានបញ្ជាក់ថា បានត្រួតពិនិត្យយានយន្តសរុបចំនួនជាង ១លានគ្រឿង រកឃើញ​យានយន្តល្មើស និងពិន័យជាង ១៤ម៉ឺនគ្រឿង, ពិន័យបានថវិកា ១២ពាន់ ៤រយហាសិបបួន​លានរៀល ។ ដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍​បច្ចេកទេស គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២២ សរុបចំនួនជាង ៨៥០០នាក់ (ស្រី ៤៨៩នាក់) ៕

ដោយ៖ សូរិយា


ចែករំលែក៖