ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានធ្វើការណែនាំដល់អាជ្ញាធរ ដែលមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ ដោយត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងគ្មានការលើកលែងលើអ្នកបើកបរដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ទន្ទឹមនឹងការរៀបចំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី យើងត្រូវបន្តអនុវត្តច្បាប់ ដែលនៅជាធរមាន។ បន្តដឹកនាំរឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តភាព ស្របតាមតំបន់ភូមិសាស្ត្រ កន្លែងដែលកើតមានគ្រោះថ្នាក់ច្រើន ជាមួយគ្នានេះត្រូវយកចិត្តទុកលើអ្នកបើកបរយានយន្តស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន និងគ្រឿងស្រវឹង ដោយត្រូវចាត់វិធានឱ្យបានម៉ឺងម៉ាត់ លើការពិន័យ ឬបញ្ចូនទៅតុលាការ ដោយគ្មានការលើកលែង»។
ការណែនាំនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ងែមថា អង្គភាពជំនាញ ត្រូវសិក្សា កសាងផែនការ និងមានវិធានការឱ្យបានច្បាស់លាស់ តាមដំណាក់កាលនីមួយៗ ដើម្បីកសាងផ្លូវថ្មី ពង្រីក ឬជួសជុលកែលម្អផ្លូវថ្នល់ដែលមានស្រាប់ បង្កើតចំណត ឱ្យបានច្រើន និងចាត់វិធានការគ្រប់គ្រងដីចំណីផ្លូវឱ្យបានគត់មុត។ សម្ដេចក្រឡាហោម បន្ដថា ជាមួយនេះ ត្រូវ គិតគូអំពីការបំពាក់បរិក្ខាផ្លូវថ្នល់ឱ្យបានគ្រប់គ្រាន់សមស្របតាមស្ថានភាពផ្លូវ បន្តគាំទ្រដល់ការបំពាក់កាមេរ៉ាអចល័តនៅតាមផ្លូវនានា និងត្រូវបែងចែកសមត្ថកិច្ច គ្រប់គ្រងថែទាំផ្លូវថ្នល់ឱ្យបានច្បាស់លាស់ រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា ដើម្បីឆ្លើយតបនឹងការរីកចម្រើននូវប្រព័ន្ធបច្ចេកវិទ្យា មន្ត្រីអនុវត្តច្បាប់ទាំងអស់ និងមន្ត្រីពាក់ព័ន្ធ ត្រូវបង្កើនការកសាងសមត្ថភាព ចំណេះដឹងអំពីច្បាប់ ជំនាញ បច្ចេកទេសប្រតិបត្តិការរបស់ខ្លួន ស្របជាមួយនឹងក្រមសីលធម៌ វិន័យ អាកប្បកិរិយាល្អចំពោះប្រជាពលរដ្ឋផងដែរ៕
ដោយ ៖ សហការី