ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី​បំរើសេវាកម្មកម្សាន្ដនានានៅទូទាំងប្រទេស នឹងទទួលបានមេធាវីការពារក្តីពីសម្តេចតេជោ​ ហ៊ុន​ សែន​

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា​ លោក​ សុខ ឥសាន្ត​ បានថ្លែងបញ្ជាក់ថា៖​ នារីដែលធ្វើការនៅសេវាកម្មកម្សាន្ដនានានៅទូទាំងប្រទេសដូចជានារីបំរើនៅក្នុងខារ៉ាអូខេ នារីផ្តល់សេវាកម្មស្រាបៀរ រត់តុ និងសេវាកម្មផ្សេងៗទៀត នឹងទទួលបានមេធាវីការពារក្តី ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីរកយុត្តិធម៌ដល់ពួកគេក្រោយពីមានការ រំលោភបំពានអ្វីមួយដោយខុសច្បាប់។​ ការថ្លែងបែបនេះ​របស់​លោក​ សុខ​ ឥសាន្ត​ នាឱកាស​លោកប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់នូវមហាសន្តិបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣នេះ។ 

 លោក​ សុខ ឥសាន្ត បានគូសបញ្ជាក់ថា នៅក្នុង​មហា​សន្តិបាត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យមានការរៀបចំមេធាវី ដើម្បីការពារសិទ្ធនារីប្រកបរបរខាងសេវាកម្សាន្ត ក្នុងករណី​ពួកគាត់ទទួលរងការរំលោភបំពាន ឬអំពើហិង្សាណាមួយកើតមានឡើង។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់បន្ថែមថា អ្នកដែលទទួលបន្ទុកនូវកិច្ចការខាងលើនេះត្រូវបាន ប្រគល់ជូន លោកស្រីសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋ​សភាពព្រឹទ្ធ សភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀត​ថា ការដែលផ្តល់មេធាវីការពារក្តីដល់នារីបំរើ​សេវា​កម្មកម្សាន្តនេះ ក៏ដើម្បីជំរុញក្នុងការពង្រឹង និងលើកកម្ពស់ការងារក្រុមសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​នៅកម្ពុជាផងដែរ ខណៈកិច្ចការនេះត្រូវបានរាជរដ្ឋាភិបាលបានកំពុងធ្វើ និងជំរុញ បន្ថែមនាពេលខាងមុខនេះ៕

ដោយ​៖សហការី​


ចែករំលែក៖