ខេត្តស្ទឹងត្រែង-ក្រចេះ ៖ សូមរម្លឹកថា ប្រជាពលរដ្ឋរាយការណ៍មកថា, នៅតែមានមេឈ្មួញជើងខ្លាំងខាងដឹកឈើកែច្នៃខុសច្បាប់ចេញពី ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។ ក្នុងនោះមាន ឈ្មោះ លោក ណា ជាអ្នកចាត់ចែងប្រមូលទិញ ដឹកជញ្ជូន គ្មានមន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាបនោះទេ ដែលគេសង្ស័យថា, ការដឹកជញ្ជូនឈើនេះ អាចត្រូវរ៉ូវគ្នា ។ ក្នុងនោះ គេតែងឃើញ ក្រុមអ្នកសារព័ត៌មាន បានព្យាយាម តាមប្រមាញ់ថត Live ក្នុងគោលបំណងឱ្យ អាជ្ញាធរ សមត្ថកិច្ច មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ បានដឹង បានជ្រាប ប៉ុន្តែជាលទ្ធផល ប្រហែលជាសំងំទទួលទានដំណេកអស់ហើយ ទើបឡានដឹកឈើ គ្មានញញើតអីបន្តិចឡើយ។
សូមបញ្ជាក់ថា, ក្រោយពេលស្ងប់ស្ងាត់អស់មួយរយៈពេលខ្លី ពេលនេះក្រុមឡានដឹកជញ្ជូនឈើប្រភេទកែច្នៃខុសច្បាប់ចេញពីភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បានកក្រើកឡើងវិញសារជាថ្មីម្ដងទៀតហើយ មានទាំងប្រភេទឡានសាំយ៉ុង និងប្រភេទគោយន្តកន្ត្រៃ គឺកំពុងតែសម្រុកដឹកចេញយ៉ាងគក្រឹកគគ្រេងដោយមិនមានមន្ត្រីសមត្ថកិច្ច ឬមន្ត្រីជំនាញណាហ៊ានធ្វើការបង្ក្រាប រាល់ការដឹកជញ្ជូនឈើ របស់ឈ្មោះ ( លោក ណា) ដែលជាមេឈ្មួញដ៏ធំប្រចាំភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
គេរាយការណ៍មកថា, សព្វថ្ងៃនេះនៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង គឺមានសិប្បកម្មខុសច្បាប់ជាច្រើនកន្លែង ហើយគោយន្តកន្ត្រៃជាច្រេីនគ្រឿងគឺកំពុងសម្រុកដឹកឈើចេញពីដែនជម្រកសេសានយកចូលទៅលក់ឱ្យរោងសិប្បកម្មខុសច្បាប់ទាំងនោះ រួចដឹកបន្តចេញតាមរយៈឡានប្រភេទសាំយ៉ុងយកទៅលក់បន្តទៀត ដោយធ្វើដំណើរឆ្លងកាត់មុខប៉ុស្តិ៍រដ្ឋបាល និងឃុំស្រែគរ ដែលមេប៉ុស្តិ៍ ឈ្មោះ លោក ថាយ ស៊ិនអ៊ី គ្រប់គ្រង។ ហ៊ានដឹកឆ្លងកាត់មុខសួនបណ្ដុះកូនឈើដែលគ្រប់គ្រងដោយ លោក សិទ្ធិ ដែលជាកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកសេសាន្ត និងហ៊ានឆ្លងកាត់មុខបារ៉ាស់ របស់កម្លាំងរាជអាវុធហត្ថ ដែលឈរជើងនៅចាំការពារនៅចំណុចជិតវារីអគ្គីសនីសេសាននោះតែម្តង។ ប្រជាពលរដ្ឋ បានលើកឡើងថា, ប្រសិនបើមានចេតនាបង្ក្រាប ងាយបំផុត ខណៈឈ្មួញដឹកឈើកាត់មុខសមត្ថកិច្ច កន្លែងអាជ្ញាធរ កន្លែងមន្ត្រីជំនាញ យ៉ាងគឃ្លើន ប៉ុន្តែបញ្ហាប្រយោជន៍ ទើបបទល្មើសបន្តកើតមានដដែល ។
សូមបញ្ជាក់ថា, កម្លាំងទាំងអស់នេះគឺសុទ្ធតែជាកម្លាំងជំនាញដែលត្រូវធ្វើការបង្ក្រាបតែផ្ទុយទៅវិញកម្លាំងជំនាញអស់ទាំងនោះបែរជាមិនធ្វើការបង្ក្រាបនោះទេ សង្ស័យតែត្រូវដងត្រូវផ្លែគ្នា អស់ទៅហើយមើលទៅ ពីព្រោះម្នាក់ៗគិតដល់ចំណូលផងដែរ ។
ប្រជាពលរដ្ឋ មានជំនឿថា, ខាងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងមានវិធានការ ចុះស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីឈានដល់បង្ក្រាប ក្នុងបទល្មើសដឹកជញ្ជូនឈើលក្ខណៈជាក់ស្តែង ឬអាចលុបបំបាត់បទល្មើសនេះបាន។
ជាក់ស្តែងនៅឯស្រុកស្នួល ខេត្តក្រចេះវេលាម៉ោង១២និង៤៥នាទី ឈានចូលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៣ នេះ គេឃើញក្រុមអ្នកសារព័ត៌មាន បានធ្វើការឡាយផ្ទាល់អំពីសកម្មភាពឡានដឹកឈើរបស់ (លោក ឌីជ្រាវ) ផងដែរ បន្ទាប់ពី ដឹកជញ្ជូនឈើ ចេញពីចំណុចត្រពាំងស្រ្កែ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
ការដឹកឈើដោយប្រើឡានសាំយ៉ុងនេះ មិនញញើតសមត្ថកិច្ច អាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើឡើយ គឺដឹកឆ្លងកាត់ ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយជ្រះ, ឆ្លងកាត់ស្នាក់ការសន្តិសុខ ៧០៧ របស់កងរាជអាវុធហត្ថ ឆ្លងកាត់សួនអាពាហ៍ពិពាហ៍មេព្រៃ និងឆ្លងកាត់រដ្ឋបាលព្រៃឈើថ្មពុក , ឆ្លងកាត់តាមបន្ទាយ កងរាជអាវុធហត្ថស្រុកស្នួល ឆ្លងកាត់មុខអធិការដ្ឋាននគរបាលស្រុកស្នួល ,ឆ្លងកាត់មុខសាលាស្រុកស្នួល , ឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល និងឆ្លងកាត់កន្លែងកុងត្រូលទៅជុះរបស់លោក សួន បូណា ប្រធានទិសខេត្តក្រចេះ យ៉ាងរលូន ។
គេឆ្ងល់ថា, សមត្ថកិច្ចនៅក្នុងស្រុកស្នួល កំពុងតែខ្លាចអំណាចរបស់ (លោកឌីជ្រាវ ) ឬចាំទទួលប្រយោជន៍ពីបទល្មើសនេះ បានជាមិនបង្ក្រាប ? ទោះបីមានការហាមឃាត់បិទ មិនឲ្យបទល្មើសឆ្លងកាត់ស្រុកស្នួលក៏ដោយ ទោះបីមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីសាន ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ដាក់មកឱ្យ លោក លន់ ប៊ុនថុល ត្រូវជាមេបញ្ជាការកងរាវុធហត្ថស្រុកស្នួល និង លោក សួន បូណា ប្រធានទិស ខេត្តក្រចេះ យ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ក៏(លោកឌី) នេះនៅតែដឹកជញ្ជូនឈើ បានរៀងរាល់យប់ដែរ។
ជុំវិញបញ្ហានេះ គួរណាស់ គណៈបញ្ជាការឯកភាពខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះ ពិចារណា រាល់បទល្មើស ដឹកជញ្ជូនឈើ កំពុងតែកក្រើកឡើងវិញផង ។ ពិសេសក្រុមការងារ បង្ក្រាបបទល្មើសធនធានធម្មជាតិ នឹងធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះ ដើម្បី ទទួលបានព័ត៌មានពិត ហើយដឹងពីប្រភព ដឹកជញ្ជូន ក៏ដូចជា ដឹកចែកចាយដោយខុសច្បាប់នេះ ៕
ដោយ ៖ សហការី