ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់បំផុត ដើម្បីឈានដល់គោលដៅមួយ ប្រជាពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍។
មានប្រសាសន៍បែបនេះនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ដើម្បីរួមចំណែកធានាឱ្យមានបរិយាកាសសន្ដិសុខ សុវត្ថិភាព សំដៅលើកកម្ពស់ កិត្តិយស កិត្យានុភាពរបស់ប្រទេសជាតិ គ្រប់អង្គភាព គ្រប់មូលដ្ឋាន ត្រូវជំរុញការផ្សព្វផ្សាយអប់រំ លើកទឹកចិត្តប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចាំបាច់ ហើយធ្វើយ៉ាងម៉េច? ដើម្បីឈានដល់គោលដៅមួយ គឺមនុស្សខ្លាចច្បាប់ ជាជាងខ្លាចប៉ូលិស ខ្ញុំ គិតថា បើយើងធ្វើបានយ៉ាងនេះ គឺល្អ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នឹងក្លាយជាយន្តការថ្មីមួយទៀត ដើម្បីបង្ខំឱ្យប្រជាពលរដ្ឋខ្លាចច្បាប់ ដើម្បីធានាសុវត្ថិភាព ដូចជា៖ យន្តការដកបណ្ណបើកបរក្នុងករណីស្រវឹង ឬមានសារធាតុញៀនជាដើម។ សម្ដចក្រឡាហោម ក៏លើកទឹកចិត្តឱ្យប្រជាពលរដ្ឋហ៊ានរាយការណ៍អំពីករណីអនុវត្តច្បាប់ មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឱ្យបានល្អប្រសើរ៕
ដោយ ៖ សហការី