ខេត្តស្ទឹងត្រែង ៖ មានហេតុការណ៍គួរឱ្យរន្ធត់មួយដោយរថយន្តធុនដ្រាបុកម៉ូតូអុិចសិនធើរពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មទាំងកណ្តាលអធ្រាត្រវេលាម៉ោង១៖១០នាទីយប់ ឈានចូលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខមន្ទីរអប់រំខេត្ត ទល់មុខតន្ត្រីស្រាបៀរគ្រុឌ ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នេះបើតាមរបាយការណ៍នគរបាលចរាចរណ៍ដែលបានបញ្ចាក់ថា: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរថយន្តបុកជាមួយម៉ូតូពេញទំហឹង ធ្វើឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។
អ្នកបើកបររថយន្តធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-3378 បើកបរក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូម៉ាកអុិចស៊ីនធើរពណ៌ក្រហម គ្មានស្លាកលេខដែលបើកបរពីត្បូងទៅជើងបញ្ច្រាសទិសគ្នាបានបុកជាមួយរថយន្តតែម្តង។
អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណឡើយ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ថែល វុធ្ធ ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានស្លាប់បាត់បង់ជីវិត។ រីឯម៉ូតូរងការខូចធ្ងន់ និងរថយន្តខូចស្រាល។ អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។
ការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីកត្តាខ្វះការប្រុងប្រយ័ត្ន។
ចំណែកម៉ូតូជនរងគ្រោះ និងអ្នកបើករថយន្តបង្កហេតុក្រោយបើកបុកម៉ូតូហើយបានរត់គេចបាត់ សមត្ថកិច្ចក៏ដេញតាមប៉ផាប់ចាប់ពភីង ហើយបានទៅទាន់នៅឆ្ងាយពីកន្លែងកើតប្រមាណជា៧គីឡូម៉ែត្រ តែតៃកុងបានរត់គេចបាត់ស្រមោលបាត់ទៅហើយ សមត្ថកិច្ចក៏បាននាំយករថយន្តមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង។ ពាក់ព័ន្ធម្ចាស់រថយន្តបង្កដែលរត់បាត់ សមត្ថកិច្ចបន្តថា: ផុតដៃសមត្ថកិច្ចហើយ គ្រោះថ្នាក់រហូតដល់ស្លាប់បាត់បង់ជីវិត នគរបាលចរាចរណ៍គ្រាន់ជាអ្នកកសាងសំណុំរឿងបញ្ចូនទៅតុលាការរួមទាំងវត្ថុតាង នេះជាឆន្ទានុសិទ្ធិរបស់តុលាការបន្តនីតិវិធីច្បាប់៕
ដោយ៖ មាស សុផាត