ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុត្រូវបានសង្គ្រោះហើយ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងលម្ហសមុទ្រចន្លោះពីកោះរ៉ុងមកក្រុងព្រះសីហនុ សំណាងល្អនៅមានជីវិតនៅឡើយ ហើយក៏ត្រូវបានសង្គ្រោះនាំត្រឡប់មកដល់ក្រុងព្រះសីហនុវិញហើយដែរ។

ក្រោយទូកលិចចាប់តាំងពីយប់ទៀបភ្លឺឈានចូល ថ្ងៃទី៣០ ខែ មករា ២០២៣ ជនរងគ្រោះទាំង២នាក់បានប្រើប៊ីដុងទឹកជ័រ  បណ្តែតខ្លួនក្នុងលម្ហសមុទ្រ អស់រយៈពេលជិត១៤ម៉ោង រហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃដដែលទើបត្រូវបានទូកនេសាទដូចគ្នាប្រទះឃើញនិងជួយសង្គ្រោះពីសមុទ្រនៅចំណុចជិតកោះថាស។

 ក្រោយទទួលដំណឹងថាជនរងគ្រោះនៅមានជីវិត លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប័រល្បឿនលឿនទៅទទួលយកជនរងគ្រោះនាំមកកាន់ដីគោកក្នុងក្រុងព្រះសីហនុ ក្នុងនោះលោកឧកញ៉ាក៏បានឧបត្ថម្ភថវិកាដល់ជនរងគ្រោះក្នុងម្នាក់មួយលានរៀលផងដែរនិងចេញថ្លៃព្យាបាលទាំងអស់ដល់ជនរងគ្រោះទាំង២នាក់ដែលមានរបួសស្លាកស្នាម ដោយសារតែខំប្រឹងតោងឱបប៊ីដុងទឹកបណ្តែតខ្លួនក្នុងសមុទ្រជាច្រើនម៉ោង។

ជនរងគ្រោះទី១ឈ្មោះ នៅ គឹមយ៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរអ្នកបើកបរទូកនេសាទ មានស្រុក កំណើតនៅខេត្តព្រៃវែងនិងទី២-ឈ្មោះ អេង អឿន ភេទ ប្រុស អាយុ៤៤ឆ្នាំ មុខរបរនេសាទ មានស្រុកកំណើតនៅខេត្តកែប បច្ចុប្បន្នស្នាក់នៅទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ជនរងគ្រោះបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យទូកលិច គឺមកពីមានខ្យល់ធ្លាក់ខ្លាំង ទឹករលកធំៗ និងម៉ូទ័របូមទឹកខូច ទើបបណ្តាលឲ្យទូកលិច។

គួរបញ្ជាក់ថា ក្រោយទទួលដំណឹងពីករណីលិចទូកហើយបាត់ខ្លួនមនុស្សនៅលើទូក២នាក់ លោកឧកញ៉ាទៀ វិចិត្រ ក៏បានបញ្ជូនអូប័រល្បឿនលឿន សហការជា មួយសមត្ថកិច្ចចេញស្វែងរកក្នុងលម្ហសមុទ្រ ជាមួយនិងការប្រកាសឲ្យទូកនេសាទឬអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ប្រសិនបើប្រទះឃើញជនរងគ្រោះនៅចំណុចណាមួយ សូមរាយការណ៍និងសហការដើម្បីជួយសង្គ្រោះ។ 

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុបានកោតសរសើរ និងថ្លែងអំណរគុណសម្រាប់ការជួយសង្គ្រោះជនរងគ្រោះដែលលិចទូកនេះ តាមរយៈកិច្ចអន្តរាគមន៍ពីក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ សមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធនិងបងប្អូនអ្នកនេសាទដូចគ្នា ដែលស្វែងរកនិងជួយជនរងគ្រោះបានជោគជ័យ៕

ដោយ៖ សូរិយា


ចែករំលែក៖