ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆាស្រស់ខុសច្បាប់ចំនួន៣០០ដើម ត្រូវនគរបាលស្រុកសំឡូត ចុះបង្រ្កាបនិងរឹបអូសបានយកមកដុតបំផ្លាញចោលនៅនឹងកន្លែង ព្រមទាំងឃាត់ខ្លួនបុរសម្នាក់យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី៣១ ខែមករា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត កាលរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦និង១០នាទី បានចុះបង្រ្កាបបានករណីដាំដុះរុក្ខជាតិញៀនខុសច្បាប់ (កញ្ឆា) ចំនួន ០១លើក។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ដំណាំឈ្មោះ សាំង ផេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង និងបានដុតបំផ្លាញដំណាំកញ្ឆាស្រស់ចំនួន ៣០០ដើម។
ករណីនេះ កម្លាំងនគរបាលស្រុកសំឡូតបានធ្វើកិច្ចសន្យាបញ្ឈប់ការដាំដុះរុក្ខជាតិញៀន និងធ្វើការអប់រំរួចឲ្យត្រឡប់ទៅសហគមន៍វិញ៕
ដោយ៖ អរុណរះ