ខេត្តកំពង់ចាម ៖ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តមអនុប្រធាន ស.ស.យ.ក. និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ស.ស.យ.ក ខេត្តកំពង់ចាម អាជ្ញាធរខេត្ត សប្បុរសជននានា រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នាឱកាសនេះ លោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាមដែលសម្រេចបានសមិទ្ធផលជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់ លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។ លោកបានបន្តថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃអោយមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនអោយតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។ ជាមួយគ្នានេះផងដែរ លោកបានបន្ថែមថា សមិទ្ធិផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញអោយឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមនោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក អោយកាន់តែល្អប្រសើរថែមទៀត ៕
ដោយ ៖ សហការី