ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ហៅឱ្យចូលបំភ្លឺ​ជុំវិញការបង្ហោះសារមួលបង្កាច់ខុសការណ៍ពិតរឿងអ្នកដុតកាំជ្រួចចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែង

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ មន្រ្តី​ជំនាញ​នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ស្រ្តី​ម្នាក់​ឱ្យចូលខ្លួនមកឆ្លេីយបំភ្លឺ​ ជុំវិញការបង្ហោះសារតាម​បណ្ដាញសង្គម​មួលបង្កាច់ខុសការណ៍ពិត​រឿងអ្នកដុតកាំជ្រួចបើចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែងវិញ។ 

 ជាក់ស្ដែង​យោង​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីល្ងាចថ្ងៃទី​៣០ ខែមករា​ ឆ្នាំ២០២៣ម្សិលមិញ​ កម្លាំងនគរបាលទេសចរណ៍កាលពីថ្ងៃទី២៩ ខែមករាថ្មីៗនេះ​ បានអញ្ជើញស្ត្រីជនជាតិខ្មែរម្នាក់​មកធ្វើការស្រាយបំភ្លឺអំពីករណីដែលស្ត្រីរូបនេះបាននិយាយបរិហារកេរ្តិ៍មួលបង្កាច់ខុសពីការណ៍ពិតមកលើកងកម្លាំងនគរបាលទេសចរណ៍ តាមរយៈតេឡេក្រាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអនឡាញដែលមានអ្នកគ្រប់គ្រងឈ្មោះ សោម ភ័ក្ត្រា ដោយស្ត្រីបង្កបានផ្ញើសារជាសំឡេងចូលគ្រុបអ្នកសារព័ត៌មានដោយបានលើកឡើងថា អ្នកដុតកាំជ្រួចចង់ដោះលែងវិញត្រូវបង់លុយឱ្យសមត្ថកិច្ច ៥០០ដុល្លារ ទើបអាចដោះលែង និងលើកឡើងបន្ថែមទៀតថា ពួកយើងខ្ញុំកំពុងនៅក្នុងការិយាល័យនគរបាលទេសចរណ៍ និងមិនទាន់ត្រូវបានដោះលែងចេញនៅឡើយ។ 

នៅចំពោះមុខសមត្ថកិច្ចនគរបាលទេសចរណ៍ ស្ត្រីបង្កហេតុបានឆ្លើយសារភាពថា រូបគាត់ពិតជាបានលើកឡើងទាំង២ចំណុចខាងលើប្រាកដមែន ដោយគាត់ឮតៗគ្នាពីចិន ហើយរូបគាត់ក៏មិនត្រូវបានសមត្ថកិច្ចអញ្ជើញឱ្យមកការិយាល័យ ឬចាប់ខ្លួនទេ ។

ក្រោយពីបញ្ចប់ការសាកសួរ និងការបំភ្លឺរបស់ស្ត្រីបង្ក កម្លាំងជំនាញ​បានធ្វើកំណត់ហេតុ និងបានធ្វើកិច្ចសន្យាទៅលើស្ត្រីបង្កឱ្យឈប់នូវសកម្មភាពមួលបង្កាច់ខុសការណ៍ពិតដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលទេសចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ៕

ដោយ៖សហការី


ចែករំលែក៖