ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​៣១​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានដឹកនាំកិច្ចប្រជុំគណ:កម្មការអន្តរក្រសួងដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប។ 

ក្នុងកិច្ចប្រជុំនេះដែរ​​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី៣០​ ខែមករាម្សិលមិញនេះ​ ដោយមានការចូលរួមជាអធិបតីពីសំណាក់ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត្រ សាវឿន អគ្គស្នងការនគរបាលជាតិ ,លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងអភិបាល និងអភិបាលរងនៃគណៈអភិបាលខេត្តទាំង៦ជុំវិញបឹងទន្លេសាប។ 

  អង្គប្រជុំបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសដោយបំបាត់បានទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំហើយទទួលបានកំណើនផលជលផលមកវិញក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក។  

ជាបន្ត គណ:កម្មការបានសម្រេច៖

១-បន្តយុទ្ធនាការប្រចាំការ និងល្បាតបង្ការបទល្មើសក្នុងបឹងទន្លេសាបបន្តទៀត 

២-អនុវត្តការបង្ក្រាបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវខ្ពស់សំដៅរក្សាផលប្រយោជន៍យូរអង្វែងរបស់ប្រជាពលរដ្ឋយើង

៣-មេប៉ុស្តិ៍នគរបាលបន្តចលនា និងស្វែងរកដើម្បីដកហូតឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ទាំងក្តៅនិងត្រជាក់ រួមទាំងមងស្បៃមុងដែលបំផ្លាញដល់ការបន្តពូជរបស់ត្រី 

៤- បង្កើតប្រព័ន្ធទូរស័ព្ទរហ័ស (Hotline) ក្នុងការជូនដំណឹងដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ

៥-លើសពីនេះទៀតអាជ្ញាធរមានសមត្ថកិច្ចនៅតាមបណ្ដាខេត្តនីមួយៗនឹងបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផល និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដដែលរំពឹងតែទៅលើការនេសាទ ដើម្បីរកមុខរបរផ្សេងដែលលើកកម្ពស់ជីវភាពពួកគាត់ជាងការនេសាទជាមួយគ្នានេះ​ លោករដ្ឋមន្ត្រី​ សង្ឃឹមថា តាមរយៈការសហការនិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការ ធនធានជលផលធម្មជាតិក្នុងបឹងទន្លេសាបនឹងធានាបាននិរន្ដរភាព៕

ដោយ​៖សហការី​


ចែករំលែក៖