ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានដុតព្រៃដើម្បីដកដំឡូងស្រាប់តែរាលឆេះខ្លាំងពន្លត់មិនឈ្នះរាលឆេះចម្ការស្វាយគេ សមត្តកិច្ចឃាត់យកមកធ្វើការអប់រំ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បើតាមរបាយការណ៍របស់នគរបាលជំនាញនៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន  មានករណីភ្លើងឆេះព្រៃ០១ករណី បណ្ដាលឱ្យខូចខាតដំណាំស្វាយប្រជាពលរដ្ឋអស់ចំនួន ៤០ដើម និងតាង៉ែនចំនួន១០ដើម និងប្រើប្រាស់ឡានទឹកចំនួន០១គ្រឿង ដើម្បីត្រៀមរៀបចំបាញ់ការពារផ្ទះប្រជាពលរដ្ឋ។

អ្នកមើលខុសត្រូវចម្ការស្វាយនិងតាង៉ែនឈ្មោះ យិន សុភាតារា ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្តកិច្ចបានបន្តថា មូលហេតុ កើតឡើងដោយសារមានប្រជាពលរដ្ឋឈ្មោះ ថល លីតា ភេទស្រី អាយុ២៧ឆ្នាំ(មុខរបរកសិករ) មានទីលំនៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានដុតព្រៃដើម្បីដកដំឡូងរួចក៏រាលឆេះខ្លាំងពន្លត់មិនឈ្នះក៍បានរាលចូលទៅឆេះចម្ការស្វាយខាងលើ។

បច្ចុប្បន្ន ករណីភ្លើងឆេះត្រូវបានពន្លត់បានចប់សពគ្រប់នៅវេលាម៉ោង១៤និង ១០នាទីថ្ងៃទី៣០ខែមករាឆ្នាំ២០២៣។

គួរបញ្ជាក់ថា ករណីភ្លើងរាលមកឆេះដំណាំស្វាយនិងតាង៉ែននេះម្ចាស់ចម្ការស្វាយពុំមានរករឿងអ្វីដល់អ្នកដុតភ្លើងនោះទេដោយសារគាត់ឃើញអ្នកដុតមានជីវភាពក្រីក្រ គ្រាន់តែសុំឱ្យអ្នកដុតនោះមកធ្វើកិច្ចសន្យារាងចាលដើម្បីកុំឱ្យមានរឿងទៅថ្ងៃក្រោយទៀត។

សមត្តកិច្ចននគរបាលជំនាញនៃស្នងការដ្ឋានបានបន្តទៀតថាករណីនេះអ្នកដុតព្រៃដើម្បីដកដំឡូងត្រូវបានកម្លាំងប៉ុស្តិ៍ស្ទឹងឃុំកាច់ធ្វើកិច្ចសន្យារាងចាលមិនឱ្យមានការដុតព្រៃផ្ដេសផ្ដាសលើកក្រោយទៀតឡើយ រួចក៏ឱ្យត្រឡប់ទៅផ្ទះវិញ។

កម្លាំងសមត្តកិច្ចជំនាញចម្រុះចូលរួមពន្លត់ភ្លើងរួមមាន៖

-កម្លាំងការិយាល័យអគ្គិភ័យនៃស្នងការដ្ឋានខេត្តប៉ៃលិនចំនួន០៤នាក់

-កម្លាំងនគរបាលប្រចាំបញ្ជារបស់ស្នងការដ្ឋានខេត្តប៉ៃលិនចំនួន០៨នាក់

-កម្លាំងប្រចាំបញ្ជាស្រុកសាលាក្រៅចំនួន០៥នាក់ 

-កម្លាំងប៉ុស្តិ៍ឃុំស្ទឹងកាច់ចំនួន០៥នាក់,ប្រើទឹកបាញ់ពន្លត់ភ្លើងឆេះព្រៃអស់១រថយន្ត ដោយមានអ្នកចម្ការនៅជិតនោះជួយពន្លត់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖