ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​កសិកម្ម ​៖​ ចេញសេចក្ដីជូនដំណឹងស្ដីពីវិធានការបង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវជ្រុះស្លឹក

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនដំណឹងដល់ម្ចាស់ចម្ការ កៅស៊ូទាំងអស់ឱ្យបានជ្រាបថា ជារៀលរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹកនឹងចាប់ផ្តើមពីខែមករារហូតដល់ចុងខែកុម្ភៈ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​សេចក្តីជូនដំណឹងរបស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ កាលពីថ្ងៃទី​៣០​ ខែមករា​ ឆ្នាំ​២០២៣ម្សិលមិញ។ 

ក្រសួង​កសិកម្ម​ បានគូសបញ្ជាក់ថា​ ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យដែលនឹងអាចកើតមានជាយថាហេតុនៅក្នុងចម្ការកៅស៊ូ សូមម្ចាស់ចម្ការកៅស៊ូទាំង អស់យកចិត្តទុកដាក់សម្អាតនិងធ្វើផ្លូវភ្លើងក្នុងចម្ការកៅស៊ូឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

-១,​ កាត់ស្មៅឬរុក្ខជាតិចង្រៃនៅជុំវិញជ្រុំចម្ការនិងតាមចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរ និងត្រូវប្រមូលទាំងស្លឹក កៅស៊ូដែលជ្រុះដាក់គរជាគំនរៗប្រវែង២៥ម៉ែត្រ លើគ្នាតាមចន្លោះរងកៅស៊ូដាច់ៗពីគ្នា និងត្រូវដុតមួយ គំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់។ 

-២,​ ត្រូវសម្អាតដុតនៅពេលព្រឹកព្រលឹមនិងបញ្ឈប់ការដុតនៅវេលាម៉ោង៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់១០០ភាគរយក្រោយពេលឈប់ដុត។

-៣,​ ហាមដាច់ខាតការដុតសម្អាតនៅពេលរសៀល​ ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅវេលាយប់។ 

-៤,​ មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូផ្ទុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រងនិងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជាបី ដំណាក់កាលគឺ ទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០ភាគរយ ទី២ ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ១០០ភាគរយ។

ជាមួយគ្នានោះ​ អគ្គនាយកដ្ឋានកៅស៊ូ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្ដីជូន ដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ​៖សហការី​


ចែករំលែក៖