ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងប្រកាសកញ្ចប់ជំនួយសព្វាវុធរយៈចម្ងាយឆ្ងាយដែលមានតម្លៃជាង២ពាន់លានដុល្លារដល់អ៊ុយក្រែន

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់អាមេរិកពីររូបបាននិយាយកាលពីថ្ងៃ៣១ខែមករាថា សហរដ្ឋអាមេរិកកំពុងរៀបចំកញ្ចប់ជំនួយថ្មីមានទឹកប្រាក់ដល់ទៅ ២,២ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដែលរំពឹងថានឹងរួមបញ្ចូលមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូង។
ព័ត៌មានស្តីពីកញ្ចប់ជំនួយត្រូវបានគេរំពឹងថានឹងត្រូវបានប្រកាសជាផ្លូវការក្នុងសប្តាហ៍នេះ។ កញ្ចប់ជំនួយថ្មីនេះក៏រួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot កាំភ្លើងធំដឹកនាំដោយភាពជាក់លាក់ និងកាំជ្រួចប្រឆាំងរថក្រោះ Javelin ។
យោងតាមមន្ត្រីអាមេរិកបានបញ្ជាក់ថា ថវិកាជំនួយនឹងបានមកពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI)។ នេះអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ទទួលបានអាវុធពីអ្នកម៉ៅការផលិតជាជាងពីឃ្លាំងយោធា។
មូលនិធិរបស់ USAI នឹងប្រើប្រាស់ដើម្បីទិញអាវុធថ្មីមួយដែលមានឈ្មោះថា Ground Launched Small Diameter Bomb (GLSDB) ដែលមានចម្ងាយ១៥០គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះ អាមេរិកនៅតែបដិសេធមិនផ្តល់ឱ្យអ៊ុយក្រែននូវកាំជ្រួច ATACMS ដែលមានរយៈចម្ងាយ២៩៧គីឡូម៉ែត្រ។
ក្នុងពេលនេះដែរ អាមេរិក បានសម្រេចបញ្ជូនរថយន្តប្រយុទ្ធថ្មើរជើង Bradleyជាង៦0 គ្រឿងក្នុងចំណោម ១០៩គ្រឿងដែលអាមេរិកបានសន្យាជួយអ៊ុយក្រែនបានចាកចេញពីកំពង់ផែក្នុងរដ្ឋ South Carolinaហើយ។
វាមិនច្បាស់ទេថាតើរថយន្តទាំងនោះត្រូវបានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ជាកន្លែងដែលទាហានអ៊ុយក្រែនកំពុងហ្វឹកហាត់ឬដោយផ្ទាល់ទៅកាន់អ៊ុយក្រែនតាមព្រំដែនប៉ូឡូញ ឬរ៉ូម៉ានី។ យោងតាមសារព័ត៌មាន The Drive បានឱ្យដឹងថា កម្លាំងខ្លាំងនិងភាពបត់បែន ភាពធន់នៃយានប្រយុទ្ធថ្មើរជើង Bradley ត្រូវបានគេរំពឹងថានឹងគាំទ្រដល់កងកម្លាំងយោធាអ៊ុយក្រែនប្រកបដោយប្រសិទ្ធភាពក្នុងជម្លោះជាមួយរុស្ស៊ី៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ tienphong.vn


ចែករំលែក៖