ព័ត៌មានទាន់ហេតុការណ៍៖

ត្រាក់ទ័រកសិកម្មបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ត្រាក់ទ័រមួយគ្រឿងបើកមិនប្រយ័ត្នបានបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៣ វេលាម៉ោង១៨និង៣០នាទី នៅចំណុចផ្លូវ382A ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា អ្នកបើកត្រាក់ទ័រមិនស្គាល់អត្តសញ្ញាណ ព្រោះបានបើករត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ វឿន ឆានី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1I-1356 ។

ប្រភពដដែលបន្តថា នៅថ្ងៃវេលាម៉ោងកើតហេតុ គេបានឃើញត្រាក់ទ័រមួយគ្រឿងបើកបរដោយបុរសម្នាក់មិនទាន់អត្តសញ្ញាណ ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1I-1356 បើកបរដោយឈ្មោះ វឿន ឆានី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល (ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចរាចរណ៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចម្លងចុះមកដល់កន្លែងកើតហេតុ និងបានធ្វើការវាស់វែងហហើយយកវត្ថុតាងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

    សេចក្ដីសន្និដ្ឋាន ៖ ត្រាក់ទ័របង្កហេតុខាងលើបើកបរមិនប្រកាន់ស្តាំខ្វះការប្រុងប្រយត្ន័  ៕ 

ដោយ៖ ស្អាងជ័យ


ចែករំលែក៖