តុលាការអុីរ៉ង់បានកាត់ទោសគូស្នេហ៍វ័យក្មេងមួយគូឱ្យជាប់គុកជាង១០ឆ្នាំ សម្រាប់មនុស្សម្នាក់ៗ ពីបទរាំនៅមុខកន្លែងដ៏ល្បីល្បាញមួយរបស់ទីក្រុង Tehran ។
កាសែត The Guardian បានផ្សាយថា Astiyazh Haghighi និងគូដណ្តឹង Amir Mohammad Ahmadi ទាំងពីរននាក់មានអាយុ ២០ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីវីដេអូរបស់ពួកគេរាំយ៉ាងរ៉ូមែនទិកនៅមុខ Azadi Tower បានរីករាលដាលនៅលើអុីនធឺណេត។ គូស្នេហ៍មួយគូនេះគឺជាអ្នកសរសេរប្លុកដ៏ល្បីនៅលើ Instagram ហើយមានអ្នកតាមដានច្រើន។
នាង Haghighi មិនពាក់ស្បៃទទូរទេ បើទោះជាមានច្បាប់តឹងរ៉ឹងក្នុងប្រទេសអុីរ៉ង់ក៏ដោយ។ ម្យ៉ាងទៀត នៅក្នុងប្រទេសអុីរ៉ង់ ស្ត្រីមិនត្រូវបានអនុញ្ញាតឱ្យរាំនៅទីសាធារណៈឡើយ។
យោងតាមសេចក្តីសម្រេចរបស់តុលាការនៅទីក្រុងតេអេរ៉ង់ ម្នាក់ៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ៦ ខែ ដោយហាមប្រាមមិនឱ្យប្រើប្រាស់អុីនធឺណេតនិងត្រូវចាកចេញពីប្រទេស។ គូស្វាមីភរិយាថ្មីថ្មោងត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទជំរុញឱ្យមានអំពើពុករលួយ និងពេស្យាចារនៅទីសាធារណៈ និងការប្រមូលផ្តុំគ្នាក្នុងចេតនាធ្វើឱ្យខូចសន្តិសុខជាតិ។ បច្ចុប្បន្ននាង Haghighi កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារស្ត្រី Qarchak ដែលមានទីតាំងនៅជាយក្រុងនៃប្រទេសអុីរ៉ង់។
តំបន់ Azadi Tower – ប៉មសេរីភាព គឺជានិមិត្តសញ្ញាមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសអុីរ៉ង់ ហើយក៏ជាកន្លែងរសើបខ្លាំងផងដែរ។ វាត្រូវបានបើកនៅក្រោមស្តេចចុងក្រោយ Mohammad Reza Pahlavl នៅដើមទសវត្សរ៍ឆ្នាំ 1970 ។ ប៉មនេះត្រូវបានប្តូរឈ្មោះបន្ទាប់ពីស្តេចត្រូវបានទម្លាក់នៅឆ្នាំ 1979 ៕ ដោយ៖ ធីរីណា
រូបថត ៖ the guardian