ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាក្រុមចោរប្លន់រថយន្តដឹកប្រេងចំនួន ៤នាក់​ នៅស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ពុធ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពីបណ្ដាញសង្គម​ថា​មានករណី​ក្មេងទំនេីង​ តែងតែ​ធ្វើ​សកម្មភាព​ប្លន់ប្រេងពីរថយន្ដដែលអ្នកបេីកបរឈប់សម្រាកនាពេលយប់ នៅតាមបណ្ដោយ​ផ្លូវ​ជាតិលេខ​៤​ ក្នុងស្រុក​ភ្នំស្រួច​នោះ ភ្លាមៗ​លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ បានដាក់​បញ្ជាឱ្យ​ផ្នែក​យុត្តិ​ធម៌​ស្រុក​ភ្នំស្រួច​ បេីកការស្រាវជ្រាវ​រកមុខសញ្ញា​ក្រុមចោរទាំងនោះដេីម្បីចំណាត់ការ និងបង្រ្កាបឱ្យ​ខានតែបាន។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​ប្រតិបត្តិ​ការ​នោះដឹកនាំពី​លោកអធិការ​ស្រុក​ភ្នំស្រួច​ ផ្នែកយុត្ដិធម៌ស្រុកសហការជាមួ​យ​កម្លាំងនគរបាលប៉ុស្ដិ៍មូលដ្ឋាន​ ប្រមូលព័ត៌មាន និងឈានទៅកំ​ណត់​បានមុខសញ្ញាក្មេងទំនេីងដែលជាក្រុមធ្លាប់ប្រព្រឹត្ដ​បទល្មេីស​ក្នុងមូលដ្ឋាន​កន្លងមក ​។ 

ជាលទ្ធផល​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការ​ឃាត់​ខ្លួន​មុខសញ្ញា​ចំនួន ៤នាក់​  ៖ ​១-ឈ្មោះ ភា រាជ ប្រុស ២៩ឆ្នាំ ២-ឈ្មោះ មៀម សុធារៈ​ ប្រុស​ ២៧ឆ្នាំ ៣-ឈ្មោះ បេង សំណាង ហៅវិត ប្រុស ៣១ឆ្នាំ ៤-ឈ្មោះ ជីង រ៉ា ស្រី ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

តាមចម្លេីយ​អ្នកទាំង៤​ថាខ្លួន​ពិតជាបានធ្វេីសកម្ម​ភា​ពគំរាមយកដុំថ្មគប់ក​ញ្ចក់​រថយន្ត ​យកដាវដេញគំរាមកាប់លេីអ្នកបេីកបរ រួចបូមយ​ក​ប្រេងចេញពីរថយន្ដប្រាកដមែន​ ។ កន្លងទៅ​ ក្រុម​ខ្លួនតែងតែប្រព្រឹត្ដសក​ម្មភាពលួចបូមប្រេង​ពី​រថយន្ត​ញឹកញាប់​ និងគប់ក​ញ្ចក់​រថយន្ដពេលយប់ ។ 

បច្ចុប្បន្ន​សមត្ថកិច្ច​បានបញ្ជូន​មុខសញ្ញា​ទាំង៤មក​កា​រិយាល័យ​ព្រហ្មទណ្ឌ ​នៃស្នងការដ្ឋាន​នគរ​បាលខេត្ដកំពង់ស្ពឺ​ ដេីម្បី​ចាត់ការតាមបន្ដនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖