ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្លាប់១០០នាក់ក្នុងការវាយប្រហារនៅព្រះវិហារ ប៉ាគីស្ថាន មានកម្លាំងប៉ូលិស ដល់ទៅ៩៧នាក់

ចែករំលែក៖

សារព័ត៌មាន CNN បានផ្សាយថា មកទល់ពេលនេះមានអ្នកស្លាប់ដោយការវាយប្រហារអត្តឃាតនៅក្នុងព្រះវិហារអ៊ិស្លាមនៅប្រទេសប៉ាគីស្ថាន បានកើនឡើងដល់១០០នាក់ហើយ និង ១៧០នាក់ទៀតរងរបួស ។
សារព័ត៌មាន India Today បានដកស្រង់សម្តីរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន លោក Rana Sanaullah ដែលបានប្រាប់សភាថា មនុស្ស ៩៧ នាក់ក្នុងចំណោម ១០០នាក់ដែលត្រូវបានសម្លាប់គឺជាប៉ូលិស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលប៉ូលិសជិត ៤០០នាក់ត្រូវបានប្រមូលផ្តុំនៅវិហារអ៊ិស្លាមដែលមានទីតាំងនៅខាងក្នុងអគារដ៏ធំមួយដែលជាទីស្នាក់ការកណ្តាលរបស់កម្លាំងប៉ូលិស។
យ៉ាងហោចណាស់មនុស្ស១៧០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយដែលបានបំផ្លាញជាន់ខាងលើនៃព្រះវិហារ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពនៅយប់ថ្ងៃទី ៣១ ខែមករា ដោយសារព័ត៌មាន Reuters ។
ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃទី ៣០ខែមករា នៅក្នុងសង្កាត់ Police Lines នៃទីក្រុង Peshawar ភាគពាយ័ព្យប៉ាគីស្ថាន ក្បែរព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។ វាត្រូវបានគេជឿថាជាការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ចំពេលមានការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងប៉ូលិសនៅទីនោះ។
លោក Riaz Mahsud មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកតាមគំនរបាក់បែក។
សាកសពជនរងគ្រោះចំនួន១០០ នាក់នៃការបំផ្ទុះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Lady Reading ដែលនៅជិតនោះ។
ការផ្ទុះនេះត្រូវបានគេជឿថាធ្វើឡើងដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត។ អាជ្ញាធរនិយាយថា គេមិនដឹងថា ជនបំផ្ទុះគ្រាប់បែកនេះ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យយោធានិងប៉ូលិសដោយរបៀបណាទេ ដោយតំបន់នេះមានការយាមល្បាតយ៉ាងតឹងតែងបំផុត៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ NLDO


ចែករំលែក៖