ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន អញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើបទបង្ហាញជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក» នៅវិមានរដ្ឋសភា។ 

សូមបញ្ជាក់ថា, គណៈកម្មការទី៥ នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្វែងយល់ស្តីពី “គោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់ពិភពលោក” គឺនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៥ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហការី ដើម្បីស្វែងយល់ពី “បច្ចុប្បន្នភាពនៃការអនុវត្តគោលនយោបាយការបរទេស និងការទូតសេដ្ឋកិច្ច ម្ហូបអាហាររបស់កម្ពុជា និងផ្លាស់ប្តូរបទពិសោធន៍ការងាររៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងAIPA ”។

កិច្ចប្រជុំនេះរៀបចំឡើងអនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៩៧ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាប្រការ៣៤ថ្មី និងសេចក្តីសម្រេចលេខ ០០៥រស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ៕

ដោយ ៖ សិលា


ចែករំលែក៖