ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង១២គីឡូម៉ែត្រ និងសំណង់សិល្បការ ស្ថិតនៅក្នុងភូមិអន្លង់ស្នូក ភូមិអូរស្វាយ ភូមិត្រពាំងកក់ ឃុំអូរស្វាយ (ប្រវែង៧គីឡូម៉ែត្រ) និងភូមិព្រែកកុយ ភូមិល្ពាក ភូមិស្រក ឃុំស្រក(៥គីឡូម៉ែត្រ) ស្រុកកំពង់សៀម។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអូស្វាយ ស្រុកកំពង់សៀម និង លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានអញ្ជេីញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនទទួលម៉ៅការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកអ្នកគ្រូ-អ្នកគ្រូ យ៉ាងច្រើនកុះករ ផងដែរ ។
គួរបញ្ជាក់ផងដែរថា ផ្លូវ២ខ្សែខាងលើ គឺជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ផ្លូវនេះឆ្លងកាត់ភូមិ ចំនួន៥ រួមមាន: ភូមិអូស្វាយ -ត្រពាំងកក់ ស្ថិតក្នុងឃុំអូស្វាយ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ប្រវែង៧ គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិព្រែកគុយ -ល្ពាក និងភូមិស្រក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕
ដោយ៖ វណ្ណៈ