ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសនេសាទនិងរឹបអូសឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលកាំពី សហការជាមួយក្រុមប្រឹក្សាសង្កាត់រកាកណ្តាល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល និងសហគមន៍នេសាទរកាកណ្តាល បានចុះត្រួតពិនិត្យ បង្ក្រាបបទ ល្មើសជលផលនៅចំណុចបឹងរំលាច សង្កាត់រកាកណ្តាល ក្រុងក្រចេះ ដោយបានដកហូតឧបករណ៍នេសាទខុសច្បាប់មួយចំនួន។

ប្រតិបត្តិការបង្ក្រាបនេះកម្លាំងចម្រុះបានដកហូតវត្ថុតាងរួមមាន៖ លបប្រើស១០០ (លបកន្ទុយកណ្តុរ) ចំនួន៧២វង់ មានប្រវែង២៧៥០ម៉ែត្រ, បង្គោលចម្រឹងឫស្សីឃ្លៃចំនួន ១៤៤ដើម។ វត្ថុតាងទាំងអស់ត្រូវបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលក្រចេះ ដើម្បីរង់ចាំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។

យោងតាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លេខ០២៧ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ដីពីវិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផល ដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០។

កន្លងមកថ្មីៗនេះក្រសួងបានពិនិត្យឃើញថា មានសកម្មភាពធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទលបកន្ទុយកណ្តុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ បាននិងកំពុងកើតមានឡើង នៅក្នុងដែននេសាទគួរឱ្យព្រួយបារម្ភ ដោយហេតុថា ឧបករណ៍នេសាទនេះ ទើបបានបង្កើតថ្មី របៀបនេសាទថ្មី និងជាឧបករណ៍នេសាទដែលពុំមានចែងនៅក្នុងប្រកាសរបស់ក្រសួង។

កន្លងមក ការទប់ស្កាត់និងបង្ក្រាបបទល្មើសដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរឬលបពោះវៀនជ្រូកឬលបប្រើស១០០ របស់សមត្ថកិច្ច ជលផលពុំទាន់ទទួលបានប្រសិទ្ធភាពនៅឡើយទេ។ ដូចនេះ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលខាងលើទទួលបានប្រសិទ្ធភាពនិងធានាបាននិរន្តរភាព ធនធានជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំដល់សមត្ថកិច្ចគ្រប់ថ្នាក់ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ដូចខាងក្រោម៖

១-វិធានការអប់រំនិងផ្សព្វផ្សាយ៖ សមត្ថកិច្ចជលផលគ្រប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីជលផលនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ជាពិសេសប្រកាសស្តីពីការកំណត់ឧបករណ៍នេសាទ ដែលអនុញ្ញាតឱ្យធ្វើនេសាទនៅក្នុងដែននេសាទរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ប្រជាពលរដ្ឋ អ្នកនេសាទ វារីវប្បករ អាជ្ញាធរមូលដ្ឋាន សហគមន៍នេសាទ និងអ្នកពាក់ព័ន្ធដទៃទៀតឱ្យបានទូលំទូលាយ និងជ្រួតជ្រាបតាមគ្រប់មធ្យោបាយ ដើម្បីចូលរួមទប់ស្កាត់និងបង្ក្រាបការធ្វើ នេសាទដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០ ប្រកបដោយប្រសិទ្ធភាព ខ្ពស់ ដើម្បីធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយៗ។

ក្នុងដំណាក់កាលនេះផងដែរ សមត្ថកិច្ច ជលផលគ្រប់ថ្នាក់ត្រូវបំផុសចលនាប្រមូលឧបករណ៍នេសាទលបកន្ទុយកណ្តុរឬលបពោះវៀនជ្រូក ឬលបប្រើស១០០យកមកធ្វើការបំផ្លាញចោលនៅទីសាធារណៈ និងបំផុសចលនាប្រជាពលរដ្ឋ និងអ្នកនេសាទឱ្យមកធ្វើនេសាទដោយឧបករណ៍នេសាទស្របច្បាប់វិញ។

២-វិធានការអនុវត្តច្បាប់រដ្ឋបាលជលផល៖  សមត្ថកិច្ចគ្រប់ថ្នាក់ត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធដែលស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់គណៈបញ្ជាការឯកភាពរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនេសាទដោយប្រើឧបករណ៍នេសាទលបកន្ទុយកណ្ដុរ ឬលបពោះវៀនជ្រូក ឬលបប្រើស១០០៕

ដោយ៖ សូរិយា


ចែករំលែក៖