នៅថ្ងៃទី ២ ខែកុម្ភៈ កូរ៉េខាងជើងបានប្តេជ្ញាថានឹងឆ្លើយតបខ្លាំងបំផុត ចំពោះសកម្មភាពយោធាណាមួយដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់។
ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលកាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយអាវុធយុទ្ធសាស្ត្របន្ថែមទៀតទៅកាន់ឧបទ្វីបកូរ៉េ ដូចជាយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35 ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាពីទីក្រុងព្យុងយ៉ាង។
សហរដ្ឋអាមេរិកកំពុងជំរុញស្ថានភាពសន្តិសុខនៅលើឧបទ្វីបកូរ៉េឆ្ពោះទៅរក “ខ្សែបន្ទាត់ក្រហមខ្លាំង” និងបង្កើនភាពតានតឹងតាមរយៈសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង។ សារព័ត៌មានKCNA បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើងដែលបញ្ជាក់ថា “នេះគឺជាការបង្ហាញយ៉ាងរស់រវើកនៃសេណារីយ៉ូដ៏គ្រោះថ្នាក់របស់សហរដ្ឋអាមេរិក ដែលនឹងប្រែក្លាយឧបទ្វីបកូរ៉េទៅជាឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្រ្គាមដ៏សំខាន់នៅលើពិភពលោក” ។
កូរ៉េខាងជើងនឹងមាន “ការឆ្លើយតបខ្លាំងបំផុត” ចំពោះសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិក ក្រោមគោលការណ៍ “បរមាណូទប់ទល់នឹងបរមាណូ” ឆ្លើយតបទៅនឹងការប្រឈមមុខដាក់គ្នាទាំងអស់”។ យោងតាម KCNAបានបញ្ជាក់ថា កូរ៉េខាងជើងបានសង្កត់ធ្ងន់ថា ខ្លួនមិនចាប់អារម្មណ៍លើការសន្ទនាទេ ដរាបណាអាមេរិកនៅតែបន្តអនុវត្ត “គោលនយោបាយអរិភាព”។
ប៉ុន្មានម៉ោងមុននេះ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិបានដាក់ពង្រាយសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-1B ហើយយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35B ក្នុងគោលបំណង ពង្រីកសមត្ថភាពការពារ ដើម្បីទប់ស្កាត់ការគំរាមកំហែងផ្នែកយោធាពីកូរ៉េខាងជើង។
ក្នុងឆ្នាំ២០២២ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកប្រមាណ៧០គ្រាប់ ។ ប្រទេសជាច្រើនសង្ស័យថា ក្រុងព្យុងយ៉ាងប្រហែលជាហៀបនឹងសាកល្បងអាវុធនុយក្លេអ៊ែរ៕ ដោយ៖ ធីរីណា
រូបថត ៖ Yonhap