ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរគ្រប់គ្រងជាងពាក់កណ្តាលលើការនាំចេញសរុបរបស់កម្ពុជាដែលមានទឹកប្រាក់ជាង ១០ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចេញសម្លៀកបំពាក់ ក្នុងតម្លៃជាង ៩ពាន់លានដុល្លារ កើនឡើងជាង១ពាន់លានដុល្លារ ឬ១៣% ដែលមានចំណែកប្រមាណ ៤០%នៃការនាំចេញសរុបកាលពីឆ្នាំ២០២២។ រីឯការនាំចេញស្បែកជើង មានតម្លៃ១.៧៣៧លានដុល្លារ កើនឡើង ២៥% និងការនាំចេញសម្ភារធ្វើដំណើរ ក្នុងតម្លៃ ១.៧៧៧ លានដុល្លារបានកើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
បើតាមការបញ្ជាក់ពីប្រធានកិត្តិយសសមាគមផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ លោកឧកញ៉ា លី ឃុនថៃ បានថ្លែងថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។ បច្ចុប្បន្ននេះ មានកម្មករ កម្មការិនីប្រមាណ ១លាននាក់ ដែលកំពុងបម្រើការងារក្នុងរោងចក្រសរុបទូទាំងប្រទេស ដែលជួយសម្រួលជីវភាពដល់ក្រុមគ្រួសាររបស់គាត់។
តែយ៉ាងណាមិញ សម្រាប់ឆ្នាំ២០២៣នេះ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ អាចជួបបញ្ហាប្រឈមខ្លះ ដោយសារតែក្នុងដើមឆ្នាំនេះ ការបញ្ជាទិញមិនមានការកើនឡើង។
លោកបន្ថែមថា «បញ្ហាដោយសារឆ្នាំ២០២២ ការនាំចេញទៅអឺរ៉ុប និងអាមេរិក ការលក់ធ្លាក់ថយចុះ ដោយអីវ៉ាន់នៅសល់ក្នុងឃ្លាំងច្រើនពេក លក់មិនទាន់ចេញនៅឡើយទេ។ កត្តាសំខាន់ គឺសង្គ្រាមរវាងអ៊ុយក្រែននឹងរុស្ស៊ី ដែលធ្វើឱ្យវត្ថុធាតុដើមទូទាំងពិភពលោកឡើងថ្លៃ»។
ដោយឡែករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២២ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរមានប្រមាណ ៥៧%នៃការនាំចេញសរុបរបស់កម្ពុជា ខណៈដែលវិស័យនេះបានរួមចំណែកប្រមាណ១០% នៃ GDPកម្ពុជា។ ទីផ្សារសំខាន់របស់កម្ពុជា គឺសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។
លោក វង្សី វិស្សុត បានបន្តថា រាជរដ្ឋាភិបាលមានផែនការពង្រឹងគុណភាពផលិតផលកាត់ដេររបស់កម្ពុជាឱ្យកាន់តែល្អប្រសើរជាងមុនដើម្បីទទួលបានតម្លៃបន្ថែម និងលើកទឹកឱ្យវិនិយោគិនជាជនជាតិខ្មែរកាន់តែច្រើនមកចូលរួមវិនិយោគក្នុងវិស័យនេះ ខណៈដែលបច្ចុប្បន្នការវិនិយោគក្នុងវិស័យកាត់ដេរ ប្រមាណ៩៥% គឺជាជនបរទេស។
សូមជម្រាបថា គម្រោងវិនិយោគដែលបានចុះបញ្ជីថ្មីៗនៅកម្ពុជា សង្គេតឃើញថា គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ក៏មានចំនួនច្រើនជាងបណ្តាវិស័យផ្សេងៗទៀតផងដែរ៕
ដោយ៖ សហការី