ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹងអ្នកបើកបរយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រួតពិនិត្យល្បឿន និងត្រួតពិនិត្យរកសារធាតុញៀនអ្នកបើកបររថយន្ត ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍កេីតឡេីងជាយថាហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២២០ ស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
សូមជម្រាបជូនថា នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ឯក ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក និងកម្លាំងនគរបាលព្រហ្មទណ្ឌ ចេញល្បាតចល័ត ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
ដោយ៖ សហការី