ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកខ្សាច់បត់ចូលការដ្ឋានជ្រុល ទៅបុកម៉ូតូពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តដឹកខ្សាច់ធុនធំមួយគ្រឿង បានបត់ចូលក្នុងការដ្ឋានជ្រុលទៅបុកម៉ូតូស្កូពីបណ្តាលឲ្យដួល រួចកិនពីលើបុរសម្នាក់ជាម្ចាស់ម៉ូតូចំក្បាល បណ្តាលឲ្យបែកខួរស្លាប់នៅនឹងកន្លែង ចំណែករថយន្តបង្កព្យាយាមបើករត់គេចតែត្រូវសមត្ថកិច្ចតាមឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈួនសីហា អាយុ២០ឆ្នាំ រស់នៅសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញ ម៉ូតូម៉ាកហុងដាស្កូពីពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1JM-5660 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹកខ្សាច់ធុនធំ ពាក់ផ្លាកលេខ ព្រៃវែង 3A-1422 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏បានបួងចង្កូតបត់ឆ្វេងចូលការដ្ឋានបានជ្រុល ទៅបុកម៉ូតូចំពីមុខពេញទំហឹង រួចកិនពីលើចំក្បាលបណ្តាលឲ្យបែកខួរស្លាប់ ចំណែកឯរថយន្ត ព្យាយាមបើករត់គេចចូលដល់ក្នុងការដ្ឋាន រួចយកទឹកបាញ់លាងកង់និងកន្លែង ដែលជាប់ស្នាមឈាម ដើម្បីបំបាត់ភស្តុតាង ទោះជាយ៉ាងណាក៏សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ពិនិត្យទៅឃើញជាប់នៅស្នាមឆ្អឹង និងឈាមតិចតួចនៅនឹងកង់ដដែល។ ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោលទៅ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះមកដល់ទំនាក់ទំនងទៅជំនាញចុះមកវាស់វែង ធ្វើកំណត់ហេតុយករថយន្ត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖