ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបញ្ចូលសមាជិកគណបក្សប្រជាជនឃុំក្រសាំង ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា ការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជារបស់បងប្អូន គឺត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចផ្តល់សន្តិភាពនិងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិពីពេលនេះនិងទៅថ្ងៃអនាគត។

    ការថ្លែងបែបនេះរបស់លោកប្រធានគណបក្សប្រជាជនស្រុករមាសហែក ធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៣ ក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជន៤៤អង្គ/នាក់កក្នុងនោះមានស្រី២៣នាក់ សរុបអ្នកចូលរួម៨៤នាក់ ស្រី២៧នាក់ក្នុងឃុំក្រសាំង ស្រុករមាសហែក។

   លោកស៊ូ ម៉ុល បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុករមាសហែកជូនដល់សមាជិកបក្សដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាឃុំក្រសាំងផងដែរ។

   លោកបានបញ្ជាក់ថាៈ ដោយមានស្មារតីជ័យជម្នះ ៧​ មករា​ គឺជាការផ្តល់កំណេីតទី២ របស់ប្រជាជនកម្ពុជា​ បានធ្វេីឱ្យបងប្អូនមានឱកាសជួបជុំបងប្អូន​យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច​ និងមានការអភិវឌ្ឍគ្រប់ទីកន្លែង​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដែលបានតស៊ូរំដោះជាតិមាតុភូមិ ចេញពីរបបដ៏ខ្មៅងងឹត​ជូនប្រជាជនកម្ពុជា​ ដែលចងចាំមិនភ្លេចនូវសោកនាដកម្មដ៏សាហាវព្រៃផ្សៃ  ដែលចំណុចទាំងអស់នេះហើយ បេីគ្មានសុខសន្តិភាព​នោះទេ​ ពិតណាស់របបដ៏ខ្មៅងងឹត ក៏មិនអាចរលត់ទៅវិញនោះ​ដែរ។

   បន្ថែមពីនេះ លោកស៊ូ ម៉ុល ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់បានកសាងសមិទ្ធផលជាច្រើនក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឱ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

    ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះ។  បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញតាមផែនការកំណត់ និងកំពុងចាក់ដូសទី៦ បន្តទៀតផងដែរ។

លោកបន្ថែមថា ដូចនេះសូមឲ្យព្រះតេជព្រះគុណ និងបងប្អូនដែលទើបនឹងបញ្ចូលជាសមាជិករបស់គណបក្សប្រជាជនឃុំក្រសាំង នាថ្ងៃនេះត្រូវចូលរួមគាំទ្រលើកស្ទួយដល់គណបក្សប្រជាជនកម្ពុជាដើម្បីឱ្យគណបក្សប្រជាជនដើរតួនាំមុខគេនៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ ដូចនេះសូមឱ្យសមាជិកដែលទើបនឹងចូលថ្មីនេះគាំទ្រនិងកៀរគរបងប្អូនញាតិមិត្តដែលមិនទាន់បានចូលជាសមាជិកដើម្បី ចូលរួមជាមួយបក្សប្រជាជនកម្ពុជាទាំងអស់គ្នា។

   បន្ទាប់មក ដើម្បីជារបស់កំដរដៃ លោកប្រធានគណបក្សប្រជាជនស្រុកក៏បានឧបត្ថមអ្នកចូលរួមម្នាក់ៗថវិកា១ម៉ឺនរៀល សរុបថវិកាអស់៧៦ម៉ឺនរៀល៕

ដោយ៖ សុថាន


ចែករំលែក៖