ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រតិកម្មយ៉ាងខ្លាំងក្រោយអាមេរិកប្រើមីស៊ីលបាញ់ទម្លាក់បាល់ឡុងហោះ

ចែករំលែក៖

ទីក្រុងប៉េកាំងបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងក្រោយពេលអាមេរិកបានប្រើប្រាស់មីស៊ីលបាញ់ទម្លាក់បាល់ឡុងរបស់ចិននៅតំបន់សមុទ្ររដ្ឋកាលីហ្វ័រនីញ៉ា ។
នៅថ្ងៃទី៥ ខែកុម្ភៈ ក្រសួងការបរទេសចិនបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពប្រើមីស៊ីលបាញ់កម្ទេចបាល់ឡុងហោះរបស់ចិនដែលប្រើប្រាស់ក្នុងគោលដៅ ស្រាវជ្រាវអាកាសធាតុ និង វិទ្យាសាស្ត្រ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្សាយថា ទីក្រុងប៉េកាំងចាត់ទុកថាវាជាការបញ្ចេញប្រតិកម្មជ្រុសហួសហេតុ និងបំពានច្បាប់អន្តរជាតិ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ដូច្នេះថា «ចិនបង្ហាញការខឹងសម្បាជាខ្លាំង និងតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងបាយរបស់សហរដ្ឋអាមេរិកដើម្បីវាយប្រហារលើបាល់ឡុងស៊ីវិល»។ សេចក្ដីថ្លែងការណ៍នេះដដែលក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំងរក្សាសិទ្ធិស្របច្បាប់ នៅក្នុងការចាត់វិធានការចាំបាច់ក្នុងការឆ្លើយតបចនានា។
គួរបញ្ជាក់ថា យោធាអាមេរិក កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) បានបាញ់ទម្លាក់បាល់ឡុងមួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាល់ឡុងចារកម្មរបស់ចិនហើយក្រោយស្ទាក់ស្ទើរអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ បាល់ឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានបញ្ជាក់ថា បាល់ឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈដែលប្រតិបត្តិការមួយបានធ្វើឡើងនៅក្នុងដែនទឹកនៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាល់ឡុងនេះ។
បាល់ឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មី រវាងទីក្រុងវ៉ាស៊ីនតោន នឹងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ zingnews.vn


ចែករំលែក៖